សហព័ន្ធវាយកូនបាល់រៀបចំវគ្គបណ្តុះបណ្តាលលើកទី២ ជាមួយនឹងក្តីរំពឹងថា នឹងរកបានគ្រូបង្វឹកមូលដ្ឋានជាង១០នាក់បន្ថែម
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាន លើកទី២ របស់ខ្លួន កាលពីម្សិលមិញ ក្រោមជំនួយថវិកាពីក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាវាយ កូនបាល់អន្តរជាតិ ITF នៅពហុកីឡដ្ឋានជាតិ ដែលមានរយៈពេល៤ថ្ងៃជាមួយនឹងក្តីរំពឹងខ្ពស់ថានឹងស្វែងរកបាននូវគ្រូបង្វឹកកម្រិតមូលដ្ឋានប្រកបដោយគុណភាពជាង១០នាក់បន្ថែមទៀត សម្រាប់ការអភិវឌ្ឍវិស័យកីឡាជំនាញ មួយនេះនៅកម្ពុជា ។
លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា គូសបញ្ជាក់ថា កាលពីវគ្គ បណ្តុះបណ្តាលជាលើកដំបូង ក្នុងឆ្នាំ២០១៨ កន្លងទៅ សហព័ន្ធផលិតបានគ្រូល្អត្រឹម៥នាក់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំនេះ សហព័ន្ធរំពឹងខ្ពស់ថានឹងផលិតបានគ្រូល្អយ៉ាងហោចណាស់១០នាក់បន្ថែមទៀត ។
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកមូលដ្ឋាននេះត្រូវបានសហព័ន្ធវាយកូនបាល់កម្ពុជាវាយតម្លៃខ្ពស់ថា វាគឺជា ឱកាសល្អពុំធ្លាប់មាន ដោយសហព័ន្ធជំនាញមួយនេះ បានអញ្ជើញគ្រូជំនាញ មកពីក្រៅ ប្រទេសចំនួន៣រូប ដើម្បីធ្វើជាវាគ្មិន និងបង្ហាត់បង្រៀនដល់កីឡាករ-ការិនី និងមន្ត្រីបច្ចេកទេសវាយកូនបាល់ កម្ពុជា។
គួរបញ្ជាក់ថា នេះជាលើកទី២ដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្វឹក កម្រិតមូលដ្ឋានដែលគាំទ្រថវិកាដោយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធវាយកូនបាល់អន្តរជាតិ ITF។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល៤ថ្ងៃ និងមានសិក្ខាកាមចូលរួម ចំនួន ២២នាក់មកពីភូមិភាគធំៗរូមមាន៖ ខេត្ត សៀមរាប បាត់ដំបង កណ្តាលជាដើម ៕ធ.ដ