ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញលិខិតគាំទ្រ ក្រសួងអប់រំ ចំពោះការផ្តល់ប្រាក់រង្វាន់មេដាយមាស កីឡាកាយវប្បកម្ម ពិភពលោក
ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីពេលថ្មីៗបានចេញលិខិតគាំទ្រ ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជ័យលាភីមេដាយមាស កីឡាកាយវប្បកម្ម ពិភពលោក ដោយ អះអាងថា ក្រសួងបានអនុវត្តត្រឹមតាមច្បាប់ ។ ការអះអាងបែបនេះ គឺបន្ទាប់ពីមានការចោទ ប្រកាន់ថា ក្រសួងបានកិបកេង ប្រាក់រង្វាន់លើកទឹកចិត្តរបស់កីឡាករ សំបូរសុភណ្ឌ ។
រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ក្រសួងអប់រំ យុវជន និងកីឡា មិនបានកិបកេងថវិកា ១០០ លានរៀល របស់ម្ចាស់មេដាយមាសពិភពលោក កីឡាកាយវប្បកម្ម សំបូរ សុភណ្ឌ ដូចការចោទប្រកាន់នោះទេ ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចេញផ្សាយកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ។
លិខិតគាំទ្រដែល ចុះហត្ថលេខាដោយ ឯកឧត្តម អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបរាប់ ដូច្នេះថា ៖« ករណីរបាយការណ៍ស្តីពីការផ្តល់ប្រាក់រង្វាន់ដល់ម្ចាស់ជ័យលាភី នៃការចូល រួមប្រកួតលក្ខណៈអន្តរជាតិប្រចាំឆ្នាំ និងការផ្តល់ប្រាករង្វាន់ដល់ម្ចាស់ជ័យលាភី កីឡាកាយវប្បកម្ម ជើងឯកពិភពលោក រាជរដ្ឋាភិបាល យល់ឃើញថា ការអនុវត្តតាមគោលការណ៍ ក្រសួងអប់រំ យុវជន និងកីឡាគ្រប់គ្រាន់ហើយ » ។
បញ្ហាចម្រូងចម្រាសមួយ បានកើតឡើងបន្ទាប់ពីកីឡាករ សំបូរ សុភណ្ឌ បានចោទប្រកាន់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកិបកេងថវិកាលើកទឹកចិត្តរបស់គេ ចំនួន១០០ លានរៀល ។ ការចោទប្រកាន់នេះក្រោយរូបគេទទួលបានតែ ២០ លានរៀលពីការឈ្នះមេដាយមាសពិភពលោក នៅប្រទេសថៃ កាលពីចុងឆ្នាំ២០១៨ ខណៈ រូបគេរំពឹងទទួលបាន ១២០ លានរៀល ដូចប្រភេទកីឡាដទៃ ដែលក្រសួង ធ្លាប់ផ្តល់ឲ្យ ។
ក្រោយការចោទប្រកាន់ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាន កីឡាបានរៀបចំសន្និសីទសារព័ត៌មាន ច្រានចោល ចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ក្រសួងមិនបានកិបកេងថវិកា ដូចការលើកឡើងរបស់កីឡាករ សំបូរ សុភណ្ឌនោះទេ ។ ហើយ ឯកឧត្តម បានចាត់ទុកការ ចោទប្រកាន់នេះថា គឺជាការភាន់ច្រឡំ ។
បើតាមប្រកាសអន្តរក្រសួង ស្តីពី « គោលការណ៍ សម្រាប់ប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើស ជាតិ និងការប្រកួត លក្ខណៈអន្តរជាតិ ផ្លូវការប្រចាំឆ្នាំ » ដែលចេញផ្សាយ កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៥ ម្ចាស់មេដាយមាស ប្រចាំការប្រកួតជើងឯកពិភពលោក (World Championship) ទទួលបានថវិកាលើកទឹកចិត្ត ២០លានរៀល, ប្រាក់១៦លានរៀល និងសំរឹទ្ធ ១៣លានរៀល ។
ប៉ុន្តែមេដាយនេះ អាចមានតម្លៃស្មើមេដាយ កីឡាអូឡាំពិក ប្រសិនបើក្រសួងអប់រំ យុវជន និង កីឡា ដាក់សំណើរពិសេសទៅកាន់រាជរដ្ឋាភិបាល ដើម្បីចេញអនុក្រឹត្យស្តីពី « ការផ្តល់ប្រាក់រង្វាន់ ចំពោះជ័យលាភី និងប្រាក់ឧបត្ថម្ភ ចំពោះគ្រូបង្វឹក ក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ » ។ ក្រោយ ទទួលបានអនុក្រឹត្យនេះ មេដាយមាសនឹងមានតម្លៃ ១២០ លានរៀល ប្រាក់៨០ លានរៀល និងសំរឹទ្ធ ៦៤ លានរៀល ។
ករណីកីឡាករ សំបូរ សុភណ្ឌ ការមិនទទួលបានថវិកាលើកទឹកចិត្ត១២០ លានរៀលពីរាជ រដ្ឋាភិបាល ដោយសារក្រសួងអប់រំ រួមនិងស្ថាប័នពាក់ព័ន្ធមិនបានដាក់សំណើរ ពិសេសទៅកាន់រាជរដ្ឋា ភិបាលទើបរូបគេទទួលបានតែ២០ លានរៀល ៕ធ.ដ