ករណីវាយប្រហារបំផ្ទុះគ្រាប់បែកនៅស្រីលង្កា ផ្តាច់ជីវិតមនុស្សកើនជិត៣៦០នាក់ ខណៈក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS អះអាងទទួលខុសត្រូវ
ស្រីលង្កា៖ យោងតាមប្រភពរបស់អាជ្ញាធរស្រីលង្កា នៅថ្ងៃពុធនេះបានបញ្ជាក់ថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏កក្រើកកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានបន្តកើនឡើងដល់៣៥៩នាក់ហើយ និងប្រមាណ៥០០នាក់ទៀតរងរបួសធ្ងន់-ស្រាល ខណៈក្រុមភេវកររដ្ឋអ៊ីស្លាម ISIS ទើបចេញមុខប្រកាសអះអាងទទួលខុសត្រូវ ។
សូមរំលឹកថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ចំទិវាអេសស្ទើ របស់គ្រិស្តសាសនា ហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួន០៨ករណីបានកើតមានឡើងនៅតាមព្រះវិហារគ្រិស្ត និងតាមសណ្ឋាគារជាច្រើនក្នុងទីក្រុងមួយចំនួនរបស់ប្រទេសស្រីលង្កា ជាពិសេសនៅរដ្ឋធានីកូឡុំបូ ។ បន្ទាប់ពីទទួលរងការវាយប្រហារដ៏អាក្រក់នេះ រដ្ឋាភិបាលស្រីលង្កាបានប្រកាសដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្នថ្នាក់ជាតិ ដើម្បីព្យាយាមធានាសន្តិសុខនៅក្នុងប្រទេស ។
ទន្ទឹមគ្នានេះ ប្រជាជនទាំងអស់ក៏តម្រូវឲ្យរៀបចំទង់ស និងបង្ហាញភាពស្ងៀមស្ងាត់ ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធអ្នកស្លាប់រាប់រយនាក់ នៅក្នុងហេតុការណ៍វាយប្រហារភេរវកម្មដែលនាំឲ្យភ្ញាក់ផ្អើលទូទាំងពិភពលោកនេះដែរ ។បើតាមការបញ្ជាក់របស់រដ្ឋាភិបាលស្រីលង្កា ការវាយប្រហារខាងលើនេះ បានកើតចេញពីការរៀបចំរបស់ក្រុមជ្រុលនិយមក្នុងស្រុក សហការជាមួយបណ្តាញភេរវករមកពីក្រៅប្រទេស ហើយថា បច្ចុប្បន្នជនសង្ស័យ៤០នាក់ត្រូវបានចាប់ខ្លួន ដោយក្នុងនោះម្នាក់ជាជនជាតិស៊ីរីផងដែរ ៕ធ.ដ