លោក ឌូតឺតេ ប្រតិកម្មធ្ងន់ៗចំពោះប្រទេសកាណាដាដែលយកសម្រាមរាប់តោនចូលមកក្នុងប្រទេសហ្វីលីពីន
សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី២៤ មេសានេះថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីនបានរិះគន់ប្រទេសកាណាដាយ៉ាងខ្លាំង សម្រាប់ការបរាជ័យក្នុងការចាត់វិធានសកម្មភាពលើសំរាម ដែលខ្លួនបានដឹកមកកាន់ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កាលពីពេលកន្លងទៅ ហើយលោក ឌូតឺតេ ក៏បានឆ្លើយតបធ្ងន់ៗត្រឡប់ទៅវិញថា ហ្វីលីពីនមិនមែនជាកន្លែងចាក់សំរាមនោះទេ ។
គួរបញ្ជាក់ថា ហ្វីលីពីនបានប្ដឹងតាមផ្លូវការទូតជាច្រើនលើក ប្រឆាំងនឹងកាណាដា ពាក់ព័ន្ធនឹងសំរាមរាប់តោនដែលខ្លួនបានដឹកមកកាន់ប្រទេសហ្វីលីពីន នៅចន្លោះឆ្នាំ២០១៣ និង២០១៤ ។ មិនតែប៉ុណ្ណោះ ទីក្រុងម៉ានីលក៏បានចោទប្រកាន់ថា មានសំរាមរាប់ តោនក្នុងទូរកុងទ័រនឺ ដែលកាណាដាដឹកមកកាន់កំពង់ផែ Manila International Container Port មិនមែនជាសំរាមប្លាស្ទិច ឬសំរាមអាចកែច្នៃបាននោះទេ ពោលគឺសុទ្ធតែជាកាកសំណល់ប្រើប្រាស់ នៅក្នុងផ្ទះរួចប៉ុណ្ណោះ ។
លោក ឌូតឺតេ បានព្រមានថា នឹងដឹកសំរាមត្រឡប់ទៅកាន់ ប្រទេសកាណាដាវិញ ។ ប៉ុន្តែរដ្ឋាភិបាលកាណាដា បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងដោះស្រាយបញ្ហានេះជាមួយជាទីក្រុងម៉ានីល ៕ធ.ដ