រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា មន្ទីរពេទ្យកាល់ម៉ែត្រ គឺជាមន្ទីរពេទ្យថ្នាក់ជាតិធំមួយ ប្រហាក់ប្រហែលនឹង ស្តង់ដារអន្តរជាតិ ដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងឱកាសចុះពិនិត្យអាគារថ្មី ដែលកំពុងសាងសង់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដើម្បីចង់ដឹងអំពីការវិវត្តនៃហេដ្ឋារចនាសម្ព័ន្ធ របស់មន្ទីរពេទ្យនេះ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា មន្ទីរពេទ្យកាល់ម៉ែត្រ គឺជាមន្ទីរពេទ្យថ្នាក់ជាតិធំមួយ ដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់ ដោយមន្ទីរពេទ្យ នេះ មានកន្លែងសម្រាប់ទទួលអ្នកជម្ងឺធ្ងន់ ដែលត្រូវធ្វើពិពោធនកម្ម ចំនួន៣០បន្ទប់ ។ មន្ទីរពេទ្យនេះ ក៏មានការបណ្ដុះបណ្ដាល ធនធានមនុស្សផង ការស្រាវជ្រាវផង និងផ្ដល់សេវាជូនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍បន្តថា មន្ទីរពេទ្យនេះ មានផ្នែក និងសេវាកម្មប្រហាក់ប្រហែលនឹង ស្តង់ដារអន្តរជាតិរួចស្រេចហើយ ដោយមានផ្នែកខាងប្រព័ន្ធប្រសាទ ផ្នែកខាងមហារីក ហើយក៏បន្តពង្រីកខាងសង្គ្រោះបន្ទាន់ និងគាំទ្រដល់ការងារសេវាបន្ថែម ដូចជាជំងឺរ៉ាំរ៉ៃ ដើម្បីបំពេញឲ្យតម្រូវការរបស់ប្រជាពលរដ្ឋ ដែលនេះ គឺជាការយកចិត្តទុកដាក់ ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេចបានកៀងគរធនធាន ដើម្បីផ្ដល់ឱ្យការសាងសង់អគារថ្មី នៃ មន្ទីរពេទ្យនេះ ឱ្យបានលឿន និងចប់សព្វគ្រប់ ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋផង ទៅតាមគោលការណ៍របស់រាជរដ្ឋា ភិបាលផងដែរ ។

ឯ,ឧ រដ្ឋមន្ត្រី បញ្ជាក់ថា ការសាងសង់អគារថ្មីនៅក្នុងមន្ទីរពេទ្យនេះ សម្រេចបានជាង៤០% ដោយសង្ឃឹមថា នឹងចប់សព្វគ្រប់ ទាំងអស់នៅឆ្នាំ២០២២ ហើយអាគារថ្មីនេះ គ្រោងចំណាយថវិកាចំនួន ៣៩លានដុល្លារ ។

ក្នុងឱកាសចុះពិនិត្យអាគារថ្មី ដែលកំពុងសាងសង់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដើម្បីចង់ដឹងអំពីការវិវត្តនៃហេដ្ឋារចនាសម្ព័ន្ធ របស់មន្ទីរពេទ្យនេះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានលើកទឹកចិត្តដល់បុគ្គលិកដែលកំពុងបម្រើការងារក្នុងមន្ទីរពេទ្យ ក៏ដូចជាសួរសុខទុក្ខកម្មករ ដែលកំពុងធ្វើការសាងសង់អាគារថ្មីនេះ និងដើម្បីជំរុញការសាងសង់ឲ្យបានលឿន និងធានា គុណភាពផងដែរ ។

ថ្លែងទាក់ទងនឹងជម្ងឺកូវីដ-១៩ ឯ,ឧ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង មានប្រសាសន៍ថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លងមួយដែលបានរីករាលដាលពាសពេញសកល លោកទាំងមូល ហើយនៅកម្ពុជាយើង ក៏មានការទទួលនូវជំងឺកូវីដនេះ ដោយនាំចូលផងដែរ ដែលមកដល់ពេលនេះ យើងមាន អ្នកឆ្លងសរុបចំនួន ១៤១នាក់ ដោយបានព្យាបាលជាសះស្បើយចំនួន ១៣១នាក់ និងកំពុងព្យាបាលអ្នកជំងឺចំនួន ១០នាក់ ហើយសង្ឃឹមថា អ្នកជំងឺទាំង ១០នាក់នេះ នឹងជាសះស្បើយ ហើយចាកចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗ ។ ឯ,ឧ បញ្ជាក់ថា នេះដោយសារ ការប្រតិបត្តិនូវគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺការលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមបង្ការ និងពង្រឹងប្រព័ន្ធសុខាភិបាលរបស់យើង ដើម្បីឆ្លើយតប ក៏ដូចជាការថែទាំប្រជាពលរដ្ឋ ក្នុងការចូលរួមការកាត់បន្ថយការចម្លងពីក្រៅ មកក្នុងប្រទេសយើង និងកុំឲ្យអ្នកពីខាងក្រៅ ចម្លងចូលក្នុងសហគមន៍របស់យើង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner