ចិន និងឥណ្ឌាឈានដល់ការឯកភាពគ្នាជាវិជ្ជមាន ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅតំបន់ព្រំដែនប្រទេសទាំងពីរ

ឥណ្ឌា៖ បន្ទាប់ពីមានការចរចាកម្រិតខ្ពស់រវាងឥណ្ឌា និងចិន នាថ្ងៃចន្ទដើមសប្តាហ៍នេះ ទីបំផុតកងទ័ពចិនបានដកសម្ភារៈ និង គ្រឿងចក្រសំណង់ចេញពីជ្រលងភ្នំហេមពាន្ត  ជាទីដែលកងកម្លាំងប្រទេសទាំងពីរបានប៉ះទង្គិចយ៉ាងខ្លាំងកាលពីខែមុន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។

ក្រសួងការបរទេសឥណ្ឌាបានលើកឡើងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដើម្បីដកថយចេញពីចំណុចព្រំដែនដែលមានអំពើហិង្សានោះ និងធានាថា នឹងកាត់បន្ថយភាពភាពតានតឹងនៅតំបន់ព្រំដែនឥណ្ឌា-ចិន ។ ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន បានប្រាប់អ្នកយកព័ត៌មានដែរថា ភាគីទាំងពីរបានធ្វើឱ្យមានការរីកចម្រើនជាវិជ្ជមានក្នុងការដកកងទ័ពជួរមុខថយមកក្រោយ និងបន្ធូរបន្ថយស្ថានភាពព្រំដែននោះ ។

សូមរំលឹកថា ការប្រយុទ្ធគ្នាដោយដៃទល់នឹងដៃយ៉ាងហិង្សារវាងកងកម្លំាំងចិន និងឥណ្ឌា នៅជ្រលងភ្នំហ្កាល់វ៉ាន់ ក្នុងតំបន់ឡាដាក់ កាលពីថ្ងៃទី១៥ ខែមិថុនាមកនេះ បានបណ្តាលឱ្យស្លាប់ទាហានឥណ្ឌាចំនួន២០នាក់ និងបានបង្កភាពតានតឹងរវាងប្រទេសទាំងពីរ ។ ចិនបានទទួលស្គាល់ថា ខ្លួនក៏បានរងគ្រោះដោយមានអ្នកស្លាប់ និងរបួសផងដែរ ប៉ុន្តែមិនបានផ្តល់តួលេខនោះទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner