មន្រ្តីជាន់ខ្ពស់យូអិន (UN) បញ្ជាក់ថា ការប្រើយន្តហោះដ្រូនរបស់សហរដ្ឋអាម៉េរិក ដើម្បីសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់នៅអ៊ីរ៉ាក់ គឺជាទង្វើរំលោភច្បាប់អន្តរជាតិ

សហរដ្ឋអាម៉េរិក៖ ការវាយប្រហារដោយយន្តហោះដ្រូនរបស់អាម៉េរិកនៅអ៊ីរ៉ាក់កាលពីខែមករាដើមឆ្នាំនេះ ដែលបានសម្លាប់លោកឧត្តមសេនីយ៍អ៊ីរ៉ង់ កាសិម សូឡៃមេនី និងមនុស្ស០៩នាក់ផ្សេងទៀត គឺជាទង្វើរំលោភច្បាប់អន្តរជាតិ នេះបើតាមក្រុមអ្នកអង្កេតការណ៍ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី អេកណែស ខាលឡាម៉ាដ បានសង្កត់ធ្ងន់ថា ទោះបីជាលោកឧត្តមសេនីយ៍ សូឡៃមេនី ជាអ្នកទទួលខុសត្រូវចំពោះយុទ្ធសាស្ត្រ និងសកម្មភាពយោធារបស់អ៊ីរ៉ង់នៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ពិតប្រាកដមែន ប៉ុន្តែក្នុងករណីដែលគ្មានការគំរាមកំហែងជាក់ស្តែងទេនោះ សកម្មភាពយោធារបស់សហរដ្ឋអាម៉េរិក គឺជារឿងខុសច្បាប់ ។

សូមបញ្ជាក់ថា លោក សូឡៃមេនី គឺមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ហៅថា គូដស៍ និងជាឥស្សរជនសំខាន់បំផុត ក្នុងការរៀបចំយុទ្ធនាការអ៊ីរ៉ង់ ដើម្បីបណ្ដេញកងទ័ពអាម៉េរិកចេញពីប្រទេសអ៊ីរ៉ាក់ និងជាអ្នកដែលបានបង្កើតបណ្តាញជាដៃជើងអ៊ីរ៉ង់ ជាច្រើននៅទូទាំងមជ្ឈិមបូព៌ា ។ សហរដ្ឋអាម៉េរិកបានចោទប្រកាន់ ឧត្តមសេនីយ៍អ៊ីរ៉ង់រូបនេះថា គឺជាមេក្លោងដែលកំពុងរៀបចំផែនការវាយប្រហារ លើកងកម្លាំងអាម៉េរិកនៅក្នុងតំបន់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner