មន្ត្រីនគរបាលជាតិចំនួន១៧២រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិតាមបណ្តាអង្គភាព នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានបុគ្គលិក លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។

ក្នុងពិធីនេះ មានការបំពាក់ឋានន្តរស័ក្តិសរុបចំនួន ១១៣រូបគឺថ្នាក់ឧត្តមសេនីយ៍ត្រី៤រូប ថ្នាក់វរសេនីយ៍ឯក ១១រូប ថ្នាក់វរសេនីយ៍ទោ ៦០រូប ថ្នាក់វរសេនីយ៍ត្រី៣៧រូប, ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងសរុបចំនួន៥៩រូបគឹ ថ្នាក់នាយការិយាល័យ២រូប ថ្នាក់នាយរងការិយាល័យ ២០រូប ថ្នាក់អធិការរង ២៧រូប ថ្នាក់នាយផ្នែកនៃអធិការដ្ឋាននគរបាលខណ្ឌ៣រូប និងថ្នាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល៧រូប ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឡេីងប្តេជ្ញាចិត្តតំណាងឲ្យនាយនគរបាលជាតិនៅ ចំពោះមុខគណ:អធិបតី ។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានអញ្ជេីញមានមតិសំណេះសំណាលជាមួយមន្ត្រី ដែលទេីបតែងតាំងថ្មី ដោយលោកស្នងការបានកោតសរសេីរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំការពារសន្តិសុខសុវត្ថិភាព ជាពិសេស បានផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសេីរ ។ ម្យ៉ាងវិញទៀតលោក ក៏បានដាស់តឿនដល់មន្ត្រីទេីបតែងតាំងថ្មីត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ ត្រូវបង្ហាញអាកប្បកិរិយា និងសម្តីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋ។

ជាមួយនោះដែរ លោកស្នងការក៏បានសរសេីរដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងក្រុមការងាររបស់អធិការខណ្ឌ និងប៉ុស្តិ៍ ដែលតែងតែតាមដាន ឆ្លេីយតប ដោះស្រាយ និងមានវិធានការជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស បន្ទាប់ពីទទួលបានការខមមិន អំពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមិនថាយប់ឬថ្ងៃឡេីយ ។ លោកស្នងការបានសង្កត់ធ្ងន់ថា គ្រប់អង្គភាពទាំងអស់ត្រូវគ្រប់គ្រងវត្តមានមន្ត្រី ឲ្យបានល្អ ហើយលោក មិនអត់ឱនឲ្យចាដាច់ខាតចំពោះមន្ត្រីណា ដែលប្រព្រឹត្តខុសពីវិន័យកងកម្លាំង មន្ត្រីអនុវត្តខុសអាចត្រូវដាក់ពិន័យ បេីធ្ងន់ធ្ងរគឺបណ្តេញចេញពីក្របខ័ណ្ឌ ហេីយអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល បាននាំនូវការផ្តាំផ្ញេីសួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិជូនដល់អង្គពិធីទាំងមូល ។ អគ្គស្នងការរងនគរបាលរូបនេះ បានសម្តែងការអបអរសាទរដល់នាយនគរបាលទាំងអស់ ដែលទេីបទទួលបានការប្រកាសតែងតាំង និងបំពាក់ឋានន្តរស័ក្តិថ្មី និងបានណែនាំដល់កម្លាំងទាំងអស់ ត្រូវតែគោរពវិន័យកងកម្លាំងឲ្យបានល្អផងដែរ ។

នាយឧត្តមសេនីយ៍ ក៏បានកោតសរសេីរដល់ការងារគ្រប់គ្រង ដឹកនាំ ជាពិសេស គឺការយកចិត្តទុកដាក់ខ្ពស់របស់លោកស្នងការរាជធានីភ្នំពេញ ដែលតែងតែចុះសួរសុខទុក្ខជាប្រចាំដល់មន្ត្រីដែលមានជំងឺ គ្រោះថ្នាក់ចរាចរណ៍ និងមន្ត្រីដែលជួបបញ្ហាប្រឈមផ្សេងៗ ៕ ដោយ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner