សម្តេចក្រឡាហោម ស ខេង៖ ការរិះគន់ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍របស់រាជរដ្ឋាភិបាល នាពេលកន្លងទៅនេះ គឺជាទស្សនមួយដើម្បីបង្ហាញឲ្យឃើញថា ពួកគេទាំងនោះចង់ឲ្យមានបាត់បង់ជីវិតកាន់តែច្រើនទៀត ដោយសារតែបញ្ហាចរាចរណ៍នេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ការរិះគន់របស់ជនអគតិមួយក្តាប់តូចចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់រាជរដ្ឋាភិបាល នាពេលកន្លងទៅនេះគឺជាទស្សនមួយដើម្បីបង្ហាញឲ្យឃើញថា ពួកគេទាំងនោះចង់ឲ្យប្រជាពលរដ្ឋខ្មែរបន្តបាត់បង់ជីវិតកាន់តែច្រើនបន្ថែមទៀត ដោយសារតែបញ្ហាចរាចរណ៍នេះ ។

ថ្លែងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ខណៈដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០នេះនាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក  រយៈពេលពីរខែមកនេះគឺមានមតិខ្លះរិះគន់ថា រាជរដ្ឋាភិបាលធ្វើឡើងដើម្បីចាប់ប្រជាពលរដ្ឋជំរឹតយកលុយ ខណៈប្រជាពលរដ្ឋកំពុងជួបបញ្ហាមេរោគកូវិដ១៩។ ប៉ុន្តែការធ្វើនេះ គឺដើម្បីការពារអាយុវជីវិតរបស់ពួកគាត់តែប៉ុណ្ណោះ មិនមែនដូចការលើកឡើងរបស់ជនទាំងនោះ ដើម្បីតែគេងចំណេញនយោបាយឬផលប្រយោជន៍ផ្សេងៗទៅវិញនោះទេ។

យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង ក៏បានបន្តអំពាវនាវដល់ភាគីទាំងអស់ ត្រូវតែបន្តរួមគ្នាបន្ថែមទៀតអនុវត្តឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុតចំពោះវិធានការណ៍ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ ការស្លាប់របស់ប្រជាពលរដ្ឋរបស់យើងបន្តទៀតខណៈ ការអនុវត្តរយៈពេលពីរខែមកនេះ គឺបានកាត់បន្ថយបានមួយចំនួនធំ ហើយពួកគាត់ក៏បានចូលរួមគោរពបានកាន់តែច្រើន ជាបន្តបន្ទាប់ទាំងនៅទីជនបទ និងទីប្រជុំជននោះ។

យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន១.៦១៩លើក បណ្ដាលឲ្យស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន២.៤៤៩នាក់ (របួសធ្ងន់១.១២៣នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។

របាយការណ៍បានបញ្ជាក់ទៀតថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពី បើកបរលើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្គាំ១៤% វ៉ាជែង១០% បត់១០% ស្រវឹង៦% កត្តាយានយន្ដ៤% និងងងុយ១% ហើយបើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចំនួន៥៥២លើក ស្មើ២៥% (១.៦១៩/២.១៧១លើក) ស្លាប់ថយចំនួន១៧២នាក់ស្មើ១៧% (៨៦១/១.០៣៣នាក់) និងរបួសថយ៧៧៨នាក់ ស្មើ២៤% (២.៤៤៩/៣.២២៧នាក់)។

ដោយឡែកការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៦ អនក្រ.បក រយៈពេល២ខែ(ឧសភា-មិថុនា) បានចពិន័យសរុបចំនួន៨៣.៣៨៦ករណី ក្នុងនោះ ម៉ូតូចំនួន៦១.០២២នាក់ ស្មើ៧៣% និងរថយន្ដចំនួន២២.៣៦៤ករណី ស្មើ២៧%។ អនុវត្តន៍ការបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ពិន័យ ចំនួន១២.៥០១.១៨៥.០០០រៀល ក្នុងនោះ មិនទាន់បង់ប្រាក់ពិន័យចំនួន២០%៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner