នៅសល់៥ភាគរយទៀតគំរោងស្ថាបនាផ្លូវបេតុងជុំវិញផ្សារច្បារអំពៅនឹងរួចរាល់ជាស្ថាបពរ

អត្ថបទដោយ៖
Kien Sereyvuth

ផ្លូវបេតុងជុំវិញផ្សារច្បារអំពៅដែលបើកការដ្ឋានស្ថាបនាតាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ឥឡូវនេះស្ថាបនាបាន៩៥ភាគរយហើយនៅសល់តែ៥ភាគរយទៀតនិងរួចរាល់ជាស្ថាបពរ ។ ការខកខានមិនបានស្ថាបនាបន្តដើម្បីបញ្ចប់គម្រោងនេះដោយសារតែម្ចាស់លំនៅដ្ឋានចំ១១ទីតាំង រស់នៅតាមបណ្តោយផ្លូវលេខ៦២០ខាងជើងផ្សារច្បារអំពៅមិនព្រមចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងក៏ដូចជាការណែនាំរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ។

ដើម្បីជុំរុញដល់ការស្ថាបនាផ្លូវបេតុងឲ្យដំណើរការឡើងវិញនោះនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក រស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌ និងលោកប៊ូ វឌ្ឍនា នាយករងរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះចុះទៅវាស់វែងកំណត់ព្រំ និងណែនាំឲ្យម្ចាស់ផ្ទះទាំង១១ទីតាំងត្រូវចូលរួមដោយស្ម័គ្រចិត្តជាមួយអាជ្ញាធរដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារការស្ថាបនាផ្លូវបេតុង ។ 

លោកប៊ូ វឌ្ឍនា នាយករងរដ្ឋបាលខណ្ឌដែលចូលរួមសម្របសម្រួលបានឲ្យដឹងថា  ការាំងស្ទះមិនបានស្ថាបនាបន្តនេះដោយតែម្ចាស់ផ្ទះទាំង១១គ្រួសារមិនព្រមឲ្យក្រុមការងារស្ថាបនាផ្លូវបេតុងទៅតាមទំហំដែលបានកំណត់មានទទឹង១១ម៉ែត្រ ។  បន្ទាប់ពីក្រុមការងារចុះមកសម្របសម្រួលនិងណែនាំរួចមកពេលនេះម្ចាស់ផ្ទះចំនួន៦គ្រួសារបានយល់ព្រមចូលរួមអនុវត្ត  នៅសល់៥គ្រួសារទៀតមិនព្រមចូលរួមនោះទេគឺស្នើសុំឲ្យក្រុមការងារធ្វើផ្លូវបេតុងបង្រួមទទឹងផ្លូវកុំឲ្យធ្វើដល់១១ម៉ែត្រ   តែម្ចាស់ផ្ទះគាត់មិនគិតថាដីនៅមុខផ្ទះជាដីចំណីផ្លូវសាធារណៈរបស់រដ្ឋនោះឡើយ ។

អ៊ំស្រីឈ្មោះ អ៊ាង នីសា បានប្រាប់BTv ថា  ខ្ញុំនិងក្រុមគ្រួសាររស់នៅទីនេះតាំងពីសង្គមចាស់មកម្លេះ  ចំពោះគម្រោងស្ថាបនាផ្លូវបេតុងនេះខ្ញុំសប្បាយចិត្តណាស់មិនមានការរារាំងនោះទេ  តែសុំឲ្យក្រុមការងារធ្វើត្រឹមលូចាស់កំធ្វើពីលើលូអី។ ដោយឡែកលោករស់ សុភក្តិ បានបញ្ជាក់ដូច្នេះថា  បើគិតចាប់តាំងពីថ្ងៃបើកការដ្ឋានមកដល់ពេលនេះមានរយៈពេល២០ថ្ងៃហើយការស្ថាបនាផ្លូវបេតុងជុំវិញផ្សាច្បារអំពៅសម្រេចបាន៩៥ភាគរយ  ពេលនេះជួបនូវបញ្ហាប្រឈមជាមួយម្ចាស់លំនៅដ្ឋានចំនួន១១គ្រួសារ  យ៉ាងណាក៏អាជ្ញាធរនឹងខិតខំធ្វើការសម្របសម្រួលដោះស្រាយជាម្ចាស់លំនៅដ្ឋានដែលមិនទាន់ចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌ ។ 

ចំពោះសំណូមពររបស់ប្រជាពលរដ្ឋស្នើឲ្យក្រុមការងារស្ថាបនាត្រឹមប្រព័ន្ធលូចាស់  អាជ្ញាធរខណ្ឌនិងធ្វើការប្រជុំពិភាក្សាជាមួយប្រជាពលរដ្ឋទើបសម្រេចតាមក្រោយ ។ ក្នុងនាមអាជ្ញាធរខណ្ឌ សង្ឃឹមជឿជាក់ថាម្ចាស់លំនៅដ្ឋានទាំងអស់ នឹងចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខណ្ឌច្បារអំពៅដើម្បីសណ្តាប់ល្អ  អ្នកទទួលបានផលប្រយោជន៍ពីផ្លូវបេតុងនេះគឺម្ចាស់លំនៅដ្ឋានដែលរស់នៅជុំវិញផ្សារ ៕ធ.ដ សណ្តោស

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner