អាជ្ញាធរខណ្ឌច្បារអំពៅ៖ ត្រូវតែបញ្ឈប់ជាបន្ទាន់ចំពោះអ្នករំលោភចិញ្ចើមផ្លូវជាតិលេខ១

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមករា នេះ លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅ បានដាក់ឱសានវាទ២សប្តាហ៍ ចំពោះអ្នករំលោភចិញ្ចើមផ្លូវដោយខុសច្បាប់ អមសងខាងបណ្តោយផ្លូវជាតិលេខ១ ដោយត្រូវបញ្ឈប់ជាបន្ទាន់។
ការកំណត់ពេលវេលាឲ្យអ្នករំលោភចិញ្ចើមផ្លូវ ធ្វើការុះរើចេញនេះ ធ្វើឡើងខណៈដែលលោក រស់ សុភ័ក្ត បានដឹកនាំកម្លាំងចំរុះ ចុះធ្វើរដ្ឋបាល ដើម្បីផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋ មានទីលំនៅអមតាមបណ្តោយផ្លូវជាតិលេខ១ ។

លោក រស់ សុភ័ក្ត បានឲ្យដឹងថា ការចុះផ្សព្វផ្សាយជូនដំណឹងនៅព្រឹកនេះ ក៏មានការធ្វើកំណត់ហេតុដើម្បីឲ្យអ្នកដែលរំលោភយកចិញ្ចើមផ្លូវដោយខុសច្បាប់ ធ្វើការផ្តិតមេដៃទទួលដឹងឮដោយទុករយៈពេល២អាទិត្យ ដើម្បីធ្វើការរុះរើទីតាំងសាងសង់ និងតូបដាក់លក់រួមទាំងការតសំយ៉ាប និងផ្ទាំងស្លាកយ៉ីហោផ្សេងៗចេញផងដែរ។

លោកបន្តថា ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ នឹងមានវិធានការរដ្ឋបាលចំពោះអ្នករំលោភចិញ្ចើមផ្លូវដោយខុសច្បាប់ នៅក្រោយឱសានវាទចូលមកដល់ ដោយគ្មានការលើកលែងឡើង។
លោក  ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ដែលតែងតែរំលោភយកចិញ្ចើមផ្លូវសាធារណៈ ចូលរួមសហការជាមួយអាជ្ញាធរ ធ្វើការរុះរើ ដោយស្ម័គ្រចិត្ត ដើម្បីសោភ័ណភាពទីក្រុង និងចូលរួមក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

លោកអភិបាលរងខណ្ឌ បានបន្ថែមថា ក្នុងនាមជាអាជ្ញាធរនឹងបន្តអនុវត្តវិធានការនេះ ជារៀងរហូតដរាបណាអាចរំដោះយកចិញ្ចើមផ្លូវអមបណ្តោយផ្លូវជាតិលេខ១មកវិញទាំងស្រុង។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៧ ខែធ្នូថ្មីៗនេះ បានចេញសេចក្តីណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានី។

ក្នុងសេចក្តីណែនាំក៏បានឲ្យដឹងទៀតថា ក្នុងករណីដែលម្ចាស់ទីតាំងមិនចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ ត្រូវចាត់វិធានការបិទអាជីវកម្ម ក្នុងករណីចាំបាច់ត្រូវចាត់វិធានការច្បាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner