ភាពយន្តឯកសារ “រឿងរ៉ាវពេលវេលា – មិត្តភាពកម្ពុជា ចិន” គឺជាស្នាដៃវប្បធម៌ និងសិល្បៈ នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន

អត្ថបទដោយ៖
Kien Sereyvuth

ភាពយន្តឯកសារ “រឿងរ៉ាវពេលវេលា – មិត្តភាពកម្ពុជាចិន” ត្រូវបានសម្ពោធដាក់បញ្ចាំងជាផ្លូវការនៅសណ្ឋាគារ ហ្គ្រេតឌូក (Great Duke) កាលពីព្រឹកថ្ងៃទី២៣ មករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម កឹម គុណវឌ្ឍន៏ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កញ្ញា  រិទ្ឋិ រដ្ឋមន្ត្រីក្រសួងពត៌មាន, ឯកឧត្តម ឃឹម វុទ្ឋី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា, និងស្ថា   ប័នពាក់ព័ន្ឋជាច្រើនរូបទៀតចូលរួមផងដែល។

ឯកឧត្តម ឃឹម វុទ្ឋី និងឯកឧត្តម កឹម គុណវឌ្ឍន៏ បានយល់ស្របគ្នាថា៖  ឆ្លងកាត់ការផលិតភាពយន្តឯកសារនេះអស់រយៈពេល៤ខែ បានបង្ហាញឲ្យឃើញពីកិច្ចសហការគ្នាដ៏ល្អរវាងស្ថាប័នព័ត៌មាន និងប្រព័ន្ឋផ្សព្វផ្សាយ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសរវាងទូរទស្សន៏ជាតិកម្ពុជា និងទូរទស្សន៏ជាតិចិន ដែលជាផ្លែផ្កានៃទំនាក់ទំនង និងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងកម្ពុជា ចិន តាំងពីយូរលង់មក រហូតដល់បច្ចុប្បន្ន ដែលឈានដល់ដៃគូយុទ្ឋសាស្ត្រសព្វជ្រុងជ្រោយ។

លោកជំទាវ ជូ លីង ភារធារី នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានមានប្រសាសន៏ថា ភាពយន្តឯកសារនេះ បានបង្ហាញពីទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងចិន ពិសេសវិស័យការទូត វប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៏ និងសេដ្ឋកិច្ច្ ដែលភាគីទាំង២បានទាញយកនូវកាលានុវត្តភាព និងការអភិវឌ្ឍន៏រួមគ្នា។ លោកជំទាវបញ្ជាក់ថា ប្រទេសកម្ពុជាមានវប្បធម៌ ប្រពៃណី ដ៏ល្អផូរផង់ និងមានប្រាសាទបុរាណដ៏ល្អឯក និងសំបូរបែប ដែលបង្ហាញពីអរិយ្យធម៌ដ៏រុងរឿង និងខ្ពស់ខ្ពស់បំផុតនៃមនុស្សជាតិ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាង និងអភិវឌ្ឍន៏ជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានអបអរសាទរចំពោះការសម្ពោធភាពយន្តឯកសារ “រឿងរ៉ាវពេលវេលា – មិត្តភាពកម្ពុជាចិន” ដែលរួមគ្នាថតដោយស្ថានីយទូរទស្សន៍ជាតិកម្ពុជា និងស្ថានីយទូរទស្សន៍ជាតិចិន ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលជាលទ្ធផលនៃការផ្លាស់ប្តូរផ្នែកវប្បធម៌កម្ពុជា-ចិន ដែលប្រទេសយើងទាំង២ និងប្រជាជនយើងទាំង២ មានប្រវត្តិសាស្រ្តជាយូរលង់ណាស់មកហើយ ក្នុងភាពជាបងប្អូន និងទំនាក់ទំនងពាណិជ្ជកម្ម វប្បធម៌ ប្រពៃណី និងចំណងការទូតជាមួយគ្នាតាំងពីសម័យហ៊ូណន ប្រមាណជាង ២.០០០ឆ្នាំកន្លងមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ក្នុងរយៈពេល ៦០ឆ្នាំកន្លងទៅនោះ ប្រទេសកម្ពុជា និងចិនបានរួមសុខរួមទុក្ខជាមួយគ្នា ធ្វើកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ និងរឹងមាំដូចដែកថែប ដោយបានបញ្ចេញនូវសកម្មភាពដ៏រស់រវើកក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារសន្តិភាពក្នុងតំបន់។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ៖ក្នុងតំបន់អង្គរដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ អ្នកបច្ចេកទេសកម្ពុជា និងចិនបាននិងកំពុងរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងជួសជុលប្រាសាទបុរាណ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏សំខាន់លើពិភពលោក។

ជាពិសេសនៅក្នុងឱកាសអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្ញើលិខិតអបអរសាទរឲ្យគ្នាទៅវិញទៅមក ដោយបានបញ្ជាក់ថា ក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅនោះ ប្រជាជននៃប្រទេសទាំងពីរបានរួមសុខរួមទុក្ខជាមួយគ្នា គាំទ្រនិងជួយគ្នាទៅវិញទៅមកអំពីបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ ហើយបានបង្កើតចំណងមិត្តភាពដ៏ល្អប្រពៃ បានឈានដល់កម្រិតនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាក់ស្តែង ភាពយន្តឯកសារ “រឿងរ៉ាវពេលវេលា – មិត្តភាពកម្ពុជា ចិន” នេះ គឺជាស្នាដៃវប្បធម៌ និងសិល្បៈនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ កម្ពុជានិងចិន។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner