រដ្ឋបាលខេត្តបាត់ដំបង ជំរុញឲ្យប្រធានសាខាគយថ្មី និងថ្នាក់លើ គួរកាត់បន្ថយបែបបទស្មុគស្មាញពីការឆ្លងកាត់របស់គណៈប្រតិភូថៃជាភ្ញៀវរបស់ខេត្ត និងជួយសម្រួលធ្វើការសម្រេចត្រឹមតែប្រធានសាខាគយខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ហឿង សុគន្ធ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានស្នើដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ធ្វើការពិចារណា និងជួយសម្រួលពីការបំពេញបែបបទចូលរបស់សមត្ថកិច្ចគយតាមច្រកទ្វារព្រំដែនដល់ក្បួនរថយន្តរបស់គណៈប្រតិភូភាគីជិតខាង ដែលជាភ្ញៀវខេត្ត ក្នុងការមកបំពេញទស្សនកិច្ចការងារផ្លូវការ ដែលជាការឆ្លើយតបតាមការអញ្ជើញរបស់រដ្ឋបាលខេត្ត ឬរវាងភាគីទាំង២ដែលបានចុះMOUជាមួយគ្នាកន្លងមក។

ឯកឧត្តមបានលើកជាសំណូមពរឲ្យជួយសម្រួលត្រឹមគយតាមព្រំដែន ដោយមិនបាច់ធ្វើលិខិតស្នើដល់អគ្គនាយកដ្ឋានគយ ព្រោះថា ខាងភាគីថៃនៅពេលគណៈប្រតិភូរបស់ខេត្តបាត់ដំបងចូលទៅគេម្ដងៗត្រឹមខេត្តជាប់ព្រំដែនភូមិផង គេមិនដែលបង្កបញ្ហាស្មុគស្មាញក្នុងការបំពេញទម្រង់បែបបទចូលដូចខាងកម្ពុជាយើងនោះទេ គឺគេបានសម្របសម្រួលដល់ភ្ញៀវចូលដោយរលូន មិនពិបាកដូចសាខាគយបាត់ដំបងទេ។

ឯកឧត្តមបានបន្តទៀតថា អ្វីដែលលើកឡើងនេះ ដោយសារតែកន្លងមក រដ្ឋបាលខេត្តបានធ្វើដីកាផ្លូវការស្នើដល់អគ្គនាយកគយ និងរដ្ឋាករជាបន្តបន្ទាប់ ដែលបានលើកឡើងពីបញ្ហាខាងលើ តែមកដល់ពេលនេះ គឺមិនទាន់មានការឆ្លើយតបណាមួយនោះឡើយ។ តែអ្វី ដែលឯកឧត្តមឆ្ងល់ និងបានសួរទៅសមត្ថកិច្ចគយនៅបណ្តាខេត្តជិតគ្នាដូចជាខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ។ គេដូចជាមិនមានបញ្ហាបែបនេះកើតឡើងនោះទេ គឺ ផលវិបាក វាកើតមានតែខេត្តបាត់ដំបងប៉ុណ្ណោះ។

ការលើកឡើងរបស់ឯកឧត្តម ហឿង សុគន្ធ បែបនេះ គឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងថ្មីរបស់លោក យូ ហេង ដែលជាអតីតប្រធានសាខាគយខេត្តឧត្តរមានជ័យ ហើយត្រូវបានមកបំពេញភារកិច្ចថ្មីជាប្រធានសាខាគយខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានជាអធិបតី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា ខេត្តបាត់ដំបង និងឯកឧត្តម ផា អេងវ៉េង អគ្គនាយរងគយ និងរដ្ឋាករ។

ឯកឧត្តម ផា អេងវ៉េង បានលើកឡើង ដោយជំរុញឲ្យគយខេត្តបាត់ដំបង ត្រូវខិតខំទប់ស្កាត់នូវរាល់បទល្មើសដែលនាំចូលមកកម្ពុជា ហើយត្រូវពង្រឹងការប្រមូលពន្ធឲ្យមានប្រសិទ្ធភាព និងសម្រេចឲ្យបានតាមផែនការរបស់អគ្គនាយកដ្ឋានគយបានកំណត់។

ឯកឧត្តមក៏បានក្រើនរំលឹកផងដែរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងការបំពេញការងារ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់ ហើយក៏ស្នើដល់អាជ្ញាធរខេត្តជួយសហការការងារជាមួយសាខាគយ និងរដ្ឋាករខេត្ត ដើម្បីធ្វើការងារប្រមូលពន្ធជូនរដ្ឋដោយត្រូវគោរពឲ្យម៉ឺងម៉ាត់នូវអភិក្រមការងារទាំង៤យ៉ាង ដែលក្រសួងដាក់ចុះ និងអភិក្រមការងាររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក។

គួរបញ្ជាក់ថា សាខាគយ និងរដ្ឋាករខេត្តបាត់ដំបង មានស្នាក់ការនៅច្រកចំនួន៤៖ គឺច្រកអន្តរជាតិភ្នំដី (គីឡូ១៣) ស្ថិតក្នុងស្រុកសំពៅលូន ច្រកអូររំដួល ស្រុកភ្នំព្រឹក ច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង និងច្រក៤០០ ក្នុងស្រុកសំឡូត៕ ដោយៈ អ៊ុក សំអាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner