មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបាត់ដំបង សង្ឃឹមថា ក្រោយបញ្ចប់ជួសជុល ប្រាសាទបាសែត ឬ (ប្រាសាទជ័យក្សេត្រ)នឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលមកទស្សនាច្រើន

បាត់ដំបង៖ អ្នកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង បានគូសបញ្ជាក់ថា គម្រោងជួសជុលប្រាសាទបាសែត ដែលជាឈ្មោះនិយមហៅរបស់ អ្នកស្រុកអ្នកភូមិទូទៅ និងឈ្មោះមួយទៀតនៅ ក្នុងសិលាចារិកគឺ(ប្រាសាទជ័យក្សេត្រ)ដែលនឹងត្រូវបញ្ចប់ការជួស ជុល ជាតំណាក់កាលៗ ក្នុងមួយឆ្នាំម្តងៗ ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់តំណាក់កាលត្រូវបញ្ចប់គម្រោងទាំងស្រុង នៅក្នុងខែសីហា ឆ្នាំ២០១៨នេះ ដោយចំណាយនូវកញ្ចប់ថវិកាជាតិប្រមាណជិត២ពាន់លានរៀល។

ប្រាសាទជ័យក្សេត្រ ” ឬ “ប្រាសាទបាសែត” ដែលមានទីតាំងនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង គ្រោងនឹងបញ្ចប់ការជួសជុល និងសង្គ្រោះបន្ទាន់ជំហានទី៤ ដោយក្រុម ជំនាញគាំពារអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយនឹងបើកទទួលភ្ញៀវជាតិ អន្តរជាតិឲ្យចូលទស្សនា នៅចុងខែសីហា ឆ្នាំ២០១៨ ដ៏ខ្លីខាងមុខ នេះ។ នេះបើតាមការគូសបញ្ជាក់ពីមន្ដ្រីនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ លោក គឹម សុធិន ។ លោកបានឲ្យដឹងបន្ថែមថា ជំហានទី៤ក្នុងការជួសជុល និងសង្គ្រោះបន្ទាន់”ប្រាសាទបាសែត”នេះ បានចាប់ផ្ដើមតាំង ពីខែមីនា ហើយនឹងត្រូវបញ្ចប់ ក្នុងពាក់កណ្តាល ខែសីហាឆ្នាំ ២០១៨នេះ។

អ្នកស្រីប្រធានមន្ទីរ ក៏បានឲ្យដឹងបន្ថែមទៀតថា ក្រោយការជួសជុលហើយ  ប្រាសាទដែលធ្លាប់តែ    ឯកោមួយនេះ  បានផុសត្រដែតយ៉ាងរស់រវើកឡើងវិញ ប្រកបដោយ ភាពទាក់ទាញ មិនចាញ់ប្រាង្គប្រាសាទ ដទៃទៀតឡើយ។ នៅជុំវិញបរិវេណប្រាសាទនេះក៏នៅមានស្នាដៃពីបុព្វបុរស ដ៏គួរឲ្យស្ងប់ស្ងែង មួយទៀតផងដែរគឺជា”ស្រះទឹក បុរាណ”ដ៏សែនជ្រៅដែលកម្រប្រទះឃើញមានទៀតផង។ បើតាមការរំពឹងទុក ពីលោកស្រីប្រធាន បានធ្វើការកត់សម្គាល់ និងប៉ាន់ប្រមាណ ថា ” ប្រាសាទបាសែត ” ឬ ( ប្រាសាទជ័យក្សេត្រ) ក្រោយពីបញ្ចប់នូវគម្រោងជួសជុលជំហានទី៤ រួចរាល់ហើយនោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គ្រោងរៀបចំនូវពិធីប្រគល់ និងទទួល ដល់អាជ្ញាធរ នៃរដ្ឋបាលខេត្តរួចរាល់ហើយ។ គឺ ខាងមន្ទីរ និងបើកទទួលភ្ញៀវឲ្យចូលទស្សនាជាប្រក្រតីឡើងវិញ។

លោក គឹម សុធិន មន្ត្រីនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណក៏បានឲ្យដឹងបន្ថែមទៀតថា ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បានជ្រើសរើសដាក់ការជួសជុល តែលើ ប្រាសាទបាសែតមួយនេះប៉ុណ្ណោះ ព្រោះប្រាសាទខាងនេះមានសភាពទ្រុឌទ្រោមជាងប្រាសាទដទៃទៀត ក្នុងខេត្ត ហើយក៏មិនសូវមានភ្ញៀវចូលទស្សនាច្រើន។ ដើម្បីឆ្លើយតប តាមគម្រោងស្ដាឡើងវិញ របស់រាជរដ្ឋាភិបាលប្រចាំឆ្នាំ២០១៨ គឺសំដៅដល់ការអភិរក្សកេរ្តិ៍ដំណែលរបស់ដូនតាឲ្យបានគង់វង្សផងនឹងក្នុងគោលបំណងស្រូប យកភ្ញៀវទេសចរណ៍ចូលទស្សនាឲ្យកាន់ច្រើនថែមទៀត។

តាមការវាយតម្លៃពីមន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ប្រាសាទបាសែត បានដួលដេក និងទទួលរងនូវមហន្តរាយ ដោយអន្លើៗ ដោយកត្តាសង្គ្រាម ផង ពីការបំផ្លាញក្នុងរបបខ្មែរក្រហម និងប៉ះពាល់យ៉ាងខ្លាំងដោយកក្តាធម្មជាតិ អាយុកាល និងកត្តាមនុស្ស។ជាពិសេស ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត បានធ្វើការ វាយបំផ្លាញចោលនិងវាយថ្មប្រាសាទ ដោយទម្លាក់យកថ្មធ្វើសំណង់នានា និងការជីកកកាយរុករកវត្ថុមានតម្លៃ។ប្រាសាទបាសែតបានកសាងឡើងក្រោមរាជ្យព្រះបាទសុរិយ វរ្ម័នទី១ នាអំឡុងសតវត្សរ៍ទី១១ កសាងដោយមានរចនាបទចំនួន០២គឺ៖ រចនាបទឃ្លាំង និងរចនាបទបាពួន និងមានកំពែងព័ទ្ធនៅជុំវិញ ប្រមាណ៣០០ម៉ែត្រ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner