គណៈកម្មការសាលាដំបូងខេត្តកំពង់ឆ្នាំង បើកកញ្ចប់គ្រឿងញៀន១៨២កញ្ចប់ ពិនិត្យដើម្បីត្រៀមដុតបំផ្លាញចោល
ខេត្តកំពង់ឆ្នាំង៖ អភិបាលរងខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកញ្ចប់ គ្រឿងញៀន១៨២កញ្ចប់ ដើម្បីពិនិត្យសំណុំរឿងស្មើរ និង១៨២ករណី របស់សាលាដំបូងខេត្តកំពង់ឆ្នាំង រួមទាំងប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។ ដែលពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នៅសាលក្នុងប្រជុំសាលាដំបូងខេត្តកំពង់ឆ្នាំង ។
បើយោងតាមសេចក្តីសម្រេច ស្តីពីការបង្កើតកម្មការពិនិត្យ បើកកញ្ចប់គ្រឿងញៀន១៨២សំណុំរឿង ដែលបាន រឹបអូសពីជនសង្ស័យកន្លងមក ដើម្បីពិនិត្យគ្រឿងញៀនជាក់ស្តែង ត្រៀមដុតកំទេចនៅថ្ងៃខាងមុខ ក្នុងពិធី ពិនិត្យគ្រឿងញៀន នៅសាលាដំបូងខេត្តកំពង់ឆ្នាំង មានសមាសភាពចូលរួម ពីព្រះរាជអាជ្ញាលោក អ៊ិត សុធា ជាប្រធាន និងប្រធានសាលាដំបូងលោក តេងរតនា អនុប្រធាន លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង រួមទាំងព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថចូលរួមផងដែរ។
ព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា បានឲ្យដឹងថា គ្រឿងញៀនទាំង ១៨២សំណុំរឿង គឺត្រូវបានសមត្ថកិច្ចរឹបអូសពីជនសង្ស័យ គ្រាដែលបានជួញដូរ និងចែចាយ និងប្រើប្រាស់គ្រឿងញៀន កន្លងមកនៅតាមបណ្តាស្រុក ក្រុងទាំង៨ក្នុងខេត្តកំពង់ឆ្នាំង និងត្រូវបានរក្សាទុកនៅកន្លែងមានសុវត្តិភាព ហើយនឹងត្រៀមធ្វើពិធីដុតបំផ្លាញចោលនៅថ្ងៃខាងមុខនេះផងដែរ។
ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា បានកោតសរសើរចំពោះ កិច្ចសហការ និងការខិតខំប្រឹង របស់កម្លាំងស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង រួមទាំងប្រជាពលរដ្ឋល្អ ដែលបាន ចូលធ្វើការពារទប់ស្កាត់ ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋាន សហគមន៍ ក៏ដូចជាការចូលរួម គោរពអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនុច លុបបំបាត់ចោលការប្រើប្រាស់ ជួញដូ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
មជ្ឈដ្ឋានទូទៅ នៅក្នុងខេត្តកំពង់ឆ្នាំង បានកោតសរសើរចំពោះ ការដឹកនាំអនុវត្តន៍ច្បាប់ របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូង និងសាលាដំបូងខេត្តកំពង់ឆ្នាំង និងកងកម្លាំងស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបានទប់ស្កាត់បទល្មើស ជាច្រើនករណី ធ្វើឲ្យបទល្មើសនានាមានការថយចុះគួរឲ្យកត់សម្គាល់ និងសូមជួយជាកម្លាំងចិត្តកម្លាំងកាយដើម្បីចូលរួមការពារសន្តិសុខ សុវត្តិភាពប្រជាពលរដ្ឋ ឲ្យរស់នៅបានសុខសាន្ត៕ ដោយ៖ សុក្ខារិន