ក្រុមហ៊ុនបច្ចេកវិទ្យា និងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិកជំទាស់ប្រឆាំងនឹងផែនការផ្អាកទិដ្ឋាការអន្តោប្រវេសន៍របស់លោក ដូណាល់ ត្រាំ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងផ្អាកការផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ សម្រាប់ប្រភេទអ្នកធ្វើការជាជនបរទេសជាច្រើននៅឆ្នាំនេះ ដោយយោងដល់ការខូចខាតសេដ្ឋកិច្ច ព្រោះជម្ងឺតែ COVID-19 នេះបើតាមសារព័ត៌ មាន CGTN នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។
ទន្ទឹមគ្នា មន្រ្តីសេតវិមានបានលើកឡើងថា ចំណាត់ការនេះ គឺជាការចាំបាច់ដើម្បីការពារអ្នកធ្វើការងារអាម៉េរិក ក្រោយបាត់បង់ការងារដ៏ច្រើនអំឡុងវិបត្តិ COVID-19 ហើយនឹងរារាំងក្រុមកម្មករបរទេសកុំឱ្យបំពេញការងារចំនួន៥២ម៉ឺន៥ពាន់នាក់ ។ ពាក់ព័ន្ធនឹងផែនការនេះដែរ ក្រុមហ៊ុនពាណិជ្ជកម្មធំៗរួមមានក្រុមហ៊ុនបច្ចេកវិទ្យា និងសភាពាណិជ្ជកម្មអាមេរិកបានជំទាស់ប្រឆាំងការផ្អាកទិដ្ឋាការអន្តោប្រវេសន៍នេះ ដោយនិយាយថា កម្មករបរទេសជាច្រើនមានសារៈសំខាន់ ហើយអវត្តមានពួកគេនឹងធ្វើឱ្យមានការលំបាកដល់ការងើបឡើងវិញ ខាងសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ។
សូមបញ្ជាក់ថា ការផ្អាកខាងលើនេះអនុវត្តន៍ចំពោះទិដ្ឋាការការងារដែលក្រុមហ៊ុនបច្ចេកវិទ្យា និងសួនឧទ្យានប្រើហៅថា ទិដ្ឋាការប្រភេទ H-1B និងប្រភេទទិដ្ឋាការ J-1 សម្រាប់ការផ្លាស់ប្តូរនិស្សិត និងប្រភេទទិដ្ឋាការ L-1 សម្រាប់អ្នកចាត់ចែងក្រុមហ៊ុនសាជីវកម្មពហុជាតិ ។ ការផ្អាកបណ្តោះអាសន្ននេះ ក៏អនុវត្តន៍ចំពោះប្រភេទទិដ្ឋាការ H-2B សម្រាប់ពួកអ្នកធ្វើការងារមិនមែនផ្នែកកសិកម្ម ថ្វីបើមានការលើកលែង រួមមានអ្នកធ្វើការងារខាងផលិតម្ហូបអាហារ អ្នកមើលថែទាំសុខភាព និងអ្នកដែលមើលការថែទាំកូនក្មេង ខណៈពួកអ្នកធ្វើការខាងកសិកម្មក៏ត្រូវបានលើកលែងដែរ ៕