នាយករដ្ឋមន្រ្តីអង់គ្លេសព្រមានថា គ្រប់វិធានបន្ធូរបន្ថយទាំងអស់ នឹងអាចវិលត្រឡប់បិទដូចដើម បើសិនការឆ្លងរាតត្បាត COVID-19 កើនឡើងវិញ
អង់គ្លេស៖ ហាងស្រា កន្លែងកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងហាងកាត់សក់ក្នុងប្រទេសអង់គ្លេស ទំនងជាអាចបើកឡើងវិញគិតចាប់ពីថ្ងៃទី០៤ ខែកក្កដាខាងមុខ នៅពេលដែលច្បាប់ទាក់ទងនឹងសង្គម នឹងត្រូវបានបន្ធូរបន្ថយ នេះបើ តាមសារព័ត៌មាន CGNT នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានថ្លែងថា ប្រជាជននឹងត្រូវបានលើកទឹកចិត្តឱ្យប្រើ ដូចជាម៉ាស និងមិនអង្គុយទល់មុខគ្នាយ៉ាងហោចណាស់នៅចម្ងាយ២ម៉ែត្រពីគ្នា និងកន្លែងសម្រាប់មនុស្សអង្គុយ ដែលអាចធ្វើទៅបាន គួរតែទុកចម្ងាយ២ម៉ែត្រពីគ្នា ។
លោកបន្ថែមថា គោលការណ៍របស់យើង គឺការជឿទុកចិត្តលើប្រជាជនអង់គ្លេសឱ្យប្រើគំនិត និងចំណេះដឹងរបស់ពួកគេពីហានិភ័យនៃវីរុស COVID-19 ដោយចងចាំថា យើងបើកកាន់តែច្រើន យើងត្រូវប្រុងប្រយ័ត្នកាន់តែខ្ពស់ ។ យ៉ាងណាមិញ នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះក៏បានព្រមានដែរថា គ្រប់វិធានបន្ធូរបន្ថយទាំងអស់នេះ គឺអាចវិលត្រឡប់បិទដូចដើមវិញបាន ។
សូមជម្រាបថា អង់គ្លេសក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែការរាតត្បាតនៃជម្ងឺ COVID-19 ដោយគិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ អង់គ្លេសមានអ្នកឆ្លងសរុប៣០ម៉ឺន៦ពាន់២១០ករណី ក្នុងនោះមានអ្នកស្លាប់៤ម៉ឺន២ពាន់៩២៧នាក់ និងជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕