កូរ៉េខាងជើងសម្រេចផ្អាកផែនការបញ្ចេញសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូងជាបណ្តោះអាសន្ន
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងជើង៖ អំឡុងកិច្ចប្រជុំគណៈកម្មការមជ្ឈិមយោធា នៃបក្សពលករកូរ៉េកាន់អំណាចនាដើមសប្តាហ៍នេះ លោក គីម ជុងអ៊ុន បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ននូវការផែនការបញ្ចេញសកម្មភាពយោធា ដើម្បីឆ្លើយតបនឹងការបង្ហោះខិត្តប័ណ្ណចេញពីកូរ៉េខាងត្បូង នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។
ការសម្រេចចិត្តខាងលើនេះរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសថា នឹងបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូងវិញចំនួន១២លានសន្លឹក ជាការសងសឹកឲ្យសមតម្លៃ ចំពោះអ្វីដែលកូរ៉េខាងត្បូងបានធ្វើ ។
ក្រៅពីការប្រកាសផ្អាកសកម្មភាពយោធានេះទៀតសោត កូរ៉េខាងជើងក៏បានរៀបចំដំណោះស្រាយផ្សេងទៀត ដោយស្ថិតនៅក្នុងគោលដៅពង្រឹងសមត្ថភាពប្រយុទ្ធក្នុងពេលធ្វើសង្គ្រាមផងដែរ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ៕