មនុស្សស្លាប់០៦នាក់ និង ហេដ្ឋារចនាសម្ព័នជាច្រើនត្រូវបំផ្លាញ ក្រោយគ្រោះរញ្ជួយដីក្នុងកម្រិត៧.៤រ៉ិចទ័រវាយប្រហារប្រទេសម៉ិចស៊ីកូ
អត្ថបទដោយ៖
Kien Sereyvuth
ម៉ិចស៊ីកូ៖ គ្រោះរញ្ជួយដីក្នុងកម្រិត៧.៤រ៉ិចទ័រ បានវាយប្រហារតំបន់ជាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ស្ថិតភាគខាងត្បូងប្រទេសម៉ិចស៊ីកូ នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែមិនបានបង្កជារលកយក្សស៊ូណាមិនោះទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។
គ្រោះរញ្ជួយដីដ៏កក្រើកខាងលើនេះ បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់០៦នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ខណៈដែលប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនក៏ត្រូវទទួលរងការខូចខាត និងបំផ្លិចបំផ្លាញផងដែរ ។
ករណីស្លាប់ខាងលើបានកើតឡើងនៅជិតចំណុចកណ្តាល នៃគ្រោះរញ្ជួយដីនៅក្នុងរដ្ឋ អូកសាកា ជាទីដែលសម្បូរទៅដោយភ្នំ និងតំបន់ប្រវត្តិសាស្ត្រល្បីល្បាញខាងដំណាំកាហ្វេ និងស្ថាបត្យកម្មកាលពីសម័យអាណានិគមអេស្ប៉ាញ នេះបើតាមអាជ្ញាធរម៉ិចស៊ីកូ ៕