ឯកឧត្តម ថោង ខុន៖ នយោបាយ ឈ្នះ ឈ្នះ នៅតែជាស្នូលនាំមកនូវសន្តិភាព ដល់ពេលបច្ចុប្បន្ន
ឯកឧត្តម ថោង ខុន បានថ្លែងទៅកាន់សមាជិក សមាជិកាបក្សទាំង២០០នាក់ នៅឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថា នយោបាយ ឈ្នះ ឈ្នះ នៅតែជាស្នូលនាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ មកដល់ពេលបច្ចុប្បន្ន ។
ឯកឧត្តម បានរំលឹកឡើងវិញថា កត្តាសន្តិភាពគឺមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិនីមួយៗ ព្រោះថាបើគ្មានសន្តិភាពនោះទេ គេក៏មិនអាចនិយាយពីប្រជាធិបតេយ្យសេរីភាព ឬសិទ្ធិមនុស្សនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញបើមានសន្តិភាពប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ដ មានសេរីភាព មានប្រជាធិបតេយ្យពេញលេញ ប្រទេសជាតិក៏មានការរីកចម្រើនផងដែរ។ ដូច្នេះ សន្តិភាពជាកត្តាមិនអាចខ្វះបាន ហើយទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្សទោះតម្លៃណាក៏ដោយចុះ ។
ឯកឧត្តមបញ្ជាក់ថា ការពិតទាំងអស់នេះមិនអាចមានអ្នកណាម្នាក់មកកាឡៃប្រវត្តិសាស្ត្របានឡើយ។ ប៉ុន្តែយើងទាំងអស់គ្នាត្រូវនាំគ្នាអប់រំមនុស្សជំនាន់ក្រោយ ឬកូនចៅរបស់យើងឲ្យបានយល់ច្បាស់អំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេច ហ៊ុន សែន ដែលនាំឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តមក៏បានណែនាំដល់គណបក្សឃុំ សាខាបក្សភូមិ និងមេក្រុមបក្សទាំងអស់ ខិតខំគ្រប់គ្រងសមាជិកបក្សឲ្យបានល្អ និងត្រៀមឯកសារបម្រើដល់ការបោះឆ្នោតជាតិខាងមុខ ពិសេសគឺត្រូវចលនាសមាជិកបក្ស អ្នកគាំទ្រ និងប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោត និងបោះឆ្នោតតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាសម្គាល់“ ទេវតាបាចផ្កា“ នៅលេខរៀងទី២០ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ឲ្យបានគ្រប់ៗគ្នាដើម្បីបានសម្តេច ហ៊ុន សែន បន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ព្រោះមានតែគណបក្សប្រជាជនកម្ពុជា មានតែសម្តេច ហ៊ុន សែន ដឹកនាំប្រទេសប៉ុណ្ណោះ ទើបយើងអាចរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕