រដ្ឋមន្ត្រីពាណិជ្ជកម្ម សន្យាបន្តគាំទ្រវិនិយោគិនជប៉ុន ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ការសន្យារបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្ដិ បានធ្វើឡើងក្នុងឱកាសដែលលោកបានអនុញ្ញាតឲ្យ ប្រធានអង្គការពាណិជ្ជកម្ម ក្រៅស្រុកជប៉ុន (JETRO)លោក ម៉ាសាស្ហិ កូណូ (Masashi Kono)ជួបពិភាក្សាការងារ  ដែលលោកត្រូវបញ្ចប់អាណត្តិការងារក្នុងសប្តាហ៍នេះ ហើយ លោក មីយ៉ាអុ ម៉ាសាហ៊ិរ៉ុ (Miyao Masahiro) ដែលនឹងក្លាយជាប្រធានអង្គការ JETRO ថ្មី ។ ក្នុងជំនួបនៅព្រឹកមិញនេះ លោករដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានសន្យាបន្តផ្តល់ការគាំទ្រគ្រប់បែបយ៉ាងជូនវិនិយោគិនជប៉ុន ដែលមានបំណងបណ្តាក់ទុន លើវិស័យធុរកិច្ចផ្សេងៗនៅ កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសកម្ពុជា និងជប៉ុន

លោករដ្ឋមន្ត្រីបានលើកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្នបានក្លាយជាដៃគូយុទ្ធសាស្ត្រលើផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោករដ្ឋមន្ត្រី បានជម្រាបលោកប្រធានទាំងពីរថា ក្រសួងពាណិជ្ជកម្ម នៅតែបន្តជួយសម្រួលវិនិយោគិនជប៉ុន ក្នុងការបណ្តាក់ទុន ការចុះបញ្ជីក្រុមហ៊ុន និងការពង្រីកធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ លោករដ្ឋមន្ត្រីក៏បានស្នើលោកប្រធានអង្គការ JETRO ថ្មី ជំរុញ វិនិយោគិនជប៉ុន ពង្រឹងកិច្ចសហការជាមួយសហគ្រាសធុនតូច និងធម្យមកម្ពុជា ដើម្បីអភិវឌ្ឍន៍ផលិតផលខ្មែរ ឲ្យមានគុណភាព និងស្តង់ដារខ្ពស់ សំដៅឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក ដូចជា ផ្សារ AEON និងនាំចេញទៅកាន់ទីផ្សារជប៉ុន។

លោកម៉ាសាស្ហិ កូណូ និងលោក មីយ៉ាអុ ម៉ាសាហ៊ិរ៉ុ បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រី ដែលចែករំលែកនូវព័ត៌មានល្អៗ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន ព្រមទាំងផ្តល់ការគាំទ្រជានិច្ច ចំពោះវិនិយោគិន និងធុរជប៉ុន ក្នុងការប្រកបធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានោះ លោក មីយ៉ាអុ ម៉ាសាហ៊ិរ៉ុ បានសន្យាខិតខំផ្សព្វផ្សាយអំពីឱកាស និងសក្តានុពល វិនិយោគរបស់ប្រទេសកម្ពុជា ដល់សហគមន៍ធុរកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីកៀងគរ វិនិយោគិនជប៉ុន ឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើន លើវិស័យឧហ្សាហកម្មខ្នាតតូចនិងមធ្យម និងវិស័យអទិភាពផ្សេងៗរបស់កម្ពុជា សំដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner