ប្រមុខការទូតរុស្ស៊ី និងសហរដ្ឋអាម៉េរិកធ្វើកិច្ចពិភាក្សាផ្តោតសំខាន់លើជំនួបកំពូល រវាងលោក ពូទីន និងលោក ត្រាំ នៅក្នុងខែកក្កដា ខាងមុខ

រុស្ស៊ី៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ និងសមភាគីសហរដ្ឋអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយជាមួយគ្នាតាមទូរសព្ទមួយ ដើម្បីពិភាក្សា ស្តីអំពីជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ នៅក្នុងខែកក្កដាខាងមុខនេះ ។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបរទេសរុស្ស៊ីនោះ ក្នុងអំឡុងពេលជជែកគ្នា តាមទូរសព្ទទ្វេភាគី ដែលផ្តួចផ្តើមឡើងដោយភាគីសហរដ្ឋអាម៉េរិកនេះ ប្រមុខការទូតទំាងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ដោយផ្តោតសំខាន់លើការទំនាក់ទំនងនៃកិច្ចជំនួបកំពូលរវាងលោក វ៉្លាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ ក៏ដូចជាការរំពឹងទុកសម្រាប់ការកសាងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត រួមទាំងស្ថេរភាពជាយុទ្ធសាស្រ្តនៅក្នុងតំបន់ ។

គួរបញ្ជាក់ថា វិមានក្រឹមឡំាង និងសេតវិមានបានប្រកាសជាផ្លូវការថា ជំនួបកំពូលរវាងលោក ពូទីន និងលោក ត្រាំ នឹងប្រារព្ធឡើងនៅក្នុងទីក្រុងហ៊ែលស៊ីងគី ប្រទេសហ្វំាងឡង់ នៅថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ ដោយមេដឹកនំាប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចពិភាក្សាគ្នាទៅលើការធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងរុស្ស៊ី – សហរដ្ឋអាម៉េរិក និងបញ្ហាសន្តិសុខជាតិ ព្រមទាំងបញ្ហា កំពូលៗរបស់អន្តរជាតិ ដែលក្នុងនោះក៏រួមមាន៖ ស្ថានភាពតានតឹងនៅជុំវិញ ប្រទេសស៊ីរី និងតំបន់ឧបទ្វីបកូរ៉េ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner