គម្រោងដ៏មានសក្តានុពលធំៗចំនួន១២ប្រភេទ កំពុងជំរុញវិស័យសំណង់កម្ពុជាឲ្យរីកចម្រើន ខណៈការវិនិយោគរយៈពេល៣ឆ្នាំចុងក្រោយនេះ ទាំងគម្រោង និងទុនវិនិយោគនៅក្នុងវិស័យសំណង់បានបន្តកើនឡើងជាលំដាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ វិស័យសំណង់កម្ពុជាទទួលបានកំណើនវិនិយោគកើនឡើងជាប់ៗគ្នានាប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការសាងសង់គម្រោងដ៏មានសក្តា នុពលធំៗចំនួន១២ប្រភេទ ដែលធ្វើឱ្យវិស័យនេះបន្ដរីកចម្រើនទៅមុខជាបន្តបន្ទាប់ ។

យោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពវិស័យសំណង់របស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា ការវិនិយោគរយៈពេល៣ឆ្នាំចុងក្រោយនេះ ទាំងគម្រោង និងទុនវិនិយោគនៅក្នុងវិស័យសំណង់បានបន្តកើនឡើងជាលំដាប់ ។ ជាក់ស្តែងនៅឆ្នាំ២០១៥ មាន២.៣០៥គម្រោងក្នុងតម្លៃទុនវិនិយោគប្រមាណ៣.៣៣៨លានដុល្លារ កើនឡើង៣៣,១៤% បើធៀបនឹងឆ្នាំ២០១៤ ។

នៅឆ្នាំ២០១៦ មាន២.៦៣៥គម្រោងក្នុងតម្លៃទុនវិនិយោគ៥.៥៦១លានដុល្លារ កើនឡើង៦៧,១៥% បើធៀបនឹងឆ្នាំ២០១៥ ហើយនៅឆ្នាំ២០១៧កន្លងទៅនេះ មាន៣.៤១៨គម្រោងក្នុងតម្លៃទុនវិនិយោគប្រមាណ៦.៧៩៨លានដុល្លារ កើនឡើង២១,៨៤% បើធៀបនឹងឆ្នាំ២០១៦ ។ របាយការណ៍សង្កត់ធ្ងន់ថា កំណើនដែលវិស័យសំណង់ទទួលបានកន្លងមកនេះ ភាគច្រើនគឺមកពីគម្រោងសំណង់ធំៗដូចជា អគារពាណិជ្ជកម្ម, សណ្ឋាគារ, រមណីយដ្ឋាន, ផ្សារទំនើប, អគារខ្ពស់ៗ, ទីក្រុងរណប, បុរីលំនៅឋាន, រោងចក្រផលិតគ្រឿងអេឡិចត្រូនិក, រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង, រោងចក្រកិនស្រូវ និងតំបន់សេដ្ឋកិច្ចពិសេស ។

ឯកឧត្តម ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា នៅឆ្នាំ២០១៨នេះ ខ្ញុំសង្ឃឹមថា វិស័យសំណង់កម្ពុជានៅតែដំណើរការបានល្អ ។ តាមការស្រង់ទិន្នន័យពីនាយកដ្ឋានសំណង់ក៏បញ្ជាក់ច្បាស់ដែរថា នៅមានគម្រោងធំៗជាច្រើនដែលក្រសួង និងមន្ទីររាជធានី-ខេត្តកំពុងតែពិនិត្យនៅតាមសាលាក្រុង ស្រុក ខណ្ឌ ដែលទទួលបានប្រតិភូកម្មអំណាច នៅមានគម្រោងប្លង់កំពុងពិនិត្យគម្រោង ស្នើសុំអាជ្ញាប័ណ្ណសាងសង់អគារធំៗ និងសំណង់លំនៅឋានប្រជាពលរដ្ឋផងដែរ ។ ដូចនេះ ឯកឧត្តមនៅតែមានសង្ឃឹមដដែល ។

ឯកឧត្តមបន្តថា នៅឆ្នាំ២០១៨នេះ ឯកឧត្តមមើលឃើញគម្រោងធំៗជាច្រើនទៀតដែលត្រូវសាងសង់នៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ។ ឯកឧត្តមមានសុទិដ្ឋិនិយមខ្ពស់ទៅលើការវិនិយោគវិស័យសំណង់អគារនៅកម្ពុជា ពីព្រោះការផ្គត់ផ្គង់លំនៅឋានគឺនៅតែមានតម្រូវការ ហើយតម្រូវការអគារការិយាល័យក៏នៅតែមានដែរ ព្រោះកំណើនប្រជាជនកើនឡើង ហើយភ្ញៀវបរទេសកាន់តែចូលមកច្រើន ។ ដូច្នេះការស្នាក់នៅ គឺនៅតែមានតម្រូវការដដែល  ។

យោងតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចបង្ហាញថា វិស័យសំណង់នឹងអត្រាកំណើនប្រមាណ១៦.៧%ក្នុងឆ្នាំ២០១៨ និង១៦.៩%ក្នុងឆ្នាំ២០១៩ ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តងាកទៅរកប្រភេទគម្រោងសំណង់ថ្លៃទាប និងមធ្យម ។ ភាពរឹងមាំនៃវិស័យនេះ ត្រូវបានបន្តគាំទ្រដោយការអនុវត្ត គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋា ភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងភាពជឿជាក់ចំពោះការវិនិយោគ ដោយសារភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចកម្ពុជា ទោះជាមានឥរិយាបថប្រុងប្រយ័ត្នពីសំណាក់វិនិយោគិនមួយចំនួនក្នុងឆ្នាំ២០១៨ ដែលជាឆ្នាំបោះឆ្នោតក៏ដោយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner