ឡសម្ងួតស្រូវខ្នាតយក្ស ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ

អត្ថបទដោយ៖
Kien Sereyvuth

ឡសម្ងួតស្រូវដែលជាឡខ្នាតយក្សធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសមត្ថភាពក្នុងការសម្ងួតស្រូវបានចំនួន៣.០០០តោនក្នុងមួយថ្ងៃ និងឃ្លាំងផ្ទុកស្រូវបានចំនួន២០ម៉ឺនតោន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ជាថវិកាហិរញ្ញប្បទាន ដល់ក្រុមហ៊ុនធនាគារស្រូវ(កម្ពុជា)ភីអិលស៊ី ស្ថិតក្នុងខេត្តបាត់ដំបងដែលមានលោកឧកញ៉ា ភួ ពុយ ជាប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានប្រារព្វពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨កន្លទៅនេះ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងវត្តមានឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរងខេត្តបាត់ដំបង និងឯកឧត្តម អភិបាលរងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនផ្សេងៗទៀត។

លោកឧកញ៉ា ភួ ពុយ ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការកសាងនូវឡសម្ងួតដែលសមត្ថភាពធំ ខ្នាត៣.០០០តោន/ថ្ងៃ និងឃ្លាំងស្តុក ដែលមានសមត្ថភាពផ្ទុកស្រូវ២០ម៉ឺនតោន ក្នុងគោលបំណងដោះស្រាយ និងកាត់បន្ថយនូវបញ្ហាប្រឈមរបស់បងប្អូនប្រជាកសិករ ពិសេសលើកត្តាទីផ្សារក្នុងពេលប្រមូលផល និងកត្តាតម្លៃស្រូវធ្លាក់ចុះ ដែលជាការកង្វល់និងជាទុក្ខលំបាកជាក់ស្តែងរបស់បងប្អូនប្រកសិករយើង។ លោកឧកញ៉ា ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់ នូវទំនុកចិត្ត ក៏ដូចជាការគាំទ្រដល់ក្រុមហ៊ុនធនាគារស្រូវ(កម្ពុជា)ភីអិលស៊ី ក្នុងការកសាង និងផ្តល់នូវឡសម្ងួតនិងឃ្លាំងស្តុកស្រូវ ដែលនេះគឺសំដៅបម្រើដល់ការប្រមូលទិញពីប្រជាកសិករនៅក្នុងតំបន់ ប៉ែកពាយ័ព្យប្រទេស។ ពិសេសមូលដ្ឋានគោលដៅ សហគមន៍របស់ប្រជាពលរដ្ឋខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជិងខាងផ្សេងៗទៀតផងដែរ។

ឯកឧត្តម ជូ ប៊ុនឡេង  បានចាត់ទុក និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរូបវ័ន្តនៃសេដ្ឋកិច្ចសង្គម ដែលខេត្តបាត់ដំបង ទទួលបានកន្លងមក ដោយចាត់ទុកថា៖ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម កសិ.ឧស្សាហកម្ម។ ជាពិសេសដំណាំស្រូវ ពោត ដំឡូងមី និងផ្លែឈើជាដើម។ ដោយឡែកនៅខេត្តបាត់ដំបង បរិមាណទិន្នផលស្រូវ ក្នុងឆ្នាំ២០១៧- ២០១៨មានចំនួន០១លាន១៤៩ពាន់តោន។ ក្នុងនោះជាប្រភេទស្រូវក្រអូប ប្រមាណជាង១១%ភាគរយ នៃស្រូវទូទាំងប្រទេស និងជាលក្ខណៈសម្បត្តិល្អ ស័ក្តិសមជាទីតាំងឃ្លាំងស្តុក និងជារោងម៉ាស៊ីនកែច្នៃស្រូវអង្ករជាចម្បងសម្រាប់បម្រើដល់ការនាំចេញ។

ឯឧត្តម ក៏បានថ្លែងកោតសរសើរ ដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសធនាគារអភិវឌ្ឍន៍ជនបទ ដែលបានដើរតួនាទី ជាប្រតិបត្តិករក្នុងការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវសម្រាប់ទិញ ស្រូវ នារដូវប្រមូលផលនិងរក្សាបាននូវតម្លៃសមរម្យ ដល់បងប្អូនប្រជាកសិករ និងបំពេញបាននូវបរិមាណស្រូវអង្ករសម្រាប់បម្រើដល់ការនាំចេញ។       ឯកឧត្តម ជូ ប៊ុនឡេង ក៏បានដោយបានគូសបញ្ជាក់ទៀតថា៖ បច្ចុប្បន្ននេះបងប្អូនប្រជាកសិករយើង បាន និងកំពុងកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្តីត្រូវការផ្ទាល់ខ្លួន មកជាការផលិតជាពាណិជ្ចកម្មវិញ។ ដោយបាន និងកំពុងប្រែក្លាយ ពីកសិករទៅជាកសិករពាណិជ្ជករ ដើម្បីទទួលបានតម្លៃបន្ថែមសម្រាប់លើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ខ្លួនបានល្អប្រសើរថែមទៀតនៅទីជនបទ៕

(  អត្ថបទ – រូបភាព ៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner