យុវជនកម្ពុជា១៥៧សាខាខេត្តបន្ទាយមានជ័យចូលរួមដាំកូនឈើថ្ងៃរុក្ខទិវា៩ កក្កដា១០០០ដើម
បន្ទាយមានជ័យ ៖ ក្រុមការងារសមាគមចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តបន្ទាយមានជ័យដឹកនាំដោយលោក ផូរ ស៊ីតាល់ បាននាំយកកូនឈើចំនួន ១០០០ដើម ចូលរួមដាំនៅថ្ងៃបុណ្យរុក្ខទិវា ៩ កក្តដា នៅខេត្តបន្ទាយមានជ័យ ។
ពិធីនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ក្នុង បរិវេណទីបញ្ជាការរថក្រោះ ស្ថិតស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមការចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក សួន សុធី សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរថក្រោះប្រចាំទិសខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័ណ្ណ ប្រជាពលរដ្ឋសិស្សានុសិស្ស សរុបជាង៥០០នាក់ ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពិធីបុណ្យរុក្ខទិវាឆ្នាំ២០១៨នេះ បានធ្វើលើផ្ទៃដី២ហិតា ហើយកូនឈើត្រូវដាំក្នុងមានចំនួន១.២០០ដើម ជាប្រភេទ កូនឈើគ្រញូង និងបេង ដែលប្រភេទឈើប្រណិត កំពុងប្រឈមនឹងកាតបាត់បង់ខ្ពស់ ។ ហើយក្រៅពីនោះមា នកូនឈើដើមប្រេងខ្យល់ និងកូនឈើហូបផ្លែ ចំនួន៤០០០ដើម ដោយក្នុងនោះ មាន១០០០ដើមជាការ ឧបត្ថម្ភពី ក្រុមការងារសមាគមចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តបន្ទាយមានជ័យ និង១០០០ដើមទៀត ជាការឧបត្ថម្ភពី ក្រុមហ៊ុនPAPERTREE(CAMBODIA)Co.ltd ចែកជូនបងប្អូនប្រជាពលរដ្ឋយកទៅដាំដុះតាមផ្ទះ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា បុណ្យរុក្ខទិវា គឺជាទិវាបុណ្យជាតិ ដែលបង្កើតឡើងដោយស្នាមគ្រហស្ថ របស់ព្រះបរមរតកោដិ សម្តេចព្រះនរោត្តម សីហនុ នាសម័យសង្គមរាស្ត្រនិយម និងកំណត់ដោយព្រះរាជក្រឹត្យលេខ ៧៣៨ នស ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២ ហើយពិធីបុណ្យរុក្ខទិវា ត្រូវបានប្រារព្ធធ្វើឡើងជារាងរាល់ឆ្នាំ នៅគ្រប់ រាជធានីខេត្តទូទាំងប្រទេស ។ ក្នុងនោះផងដែរ លោកក៏បានផ្ដាំផ្ញើ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និង ជៀសអោយឆ្ងាយពីគ្រឿងញៀន ជាពិសេសត្រូវចូលរួមអភិរក្សព្រៃឈើ ដើម្បី ការពារខ្យល់កន្ត្រាក់ ខ្យល់ព្យុះ និងគ្រោះធម្មជាតិនានា ជាច្រើន ៕