លោក វ៉្លាឌីមៀ ពូទីន អះអាងថា ការធ្វើទំនើបកម្មលើសព្វាវុធរបស់កងរុស្ស៊ី នឹង សម្រេចគោលដៅដែលកំណត់ទុកនៅឆ្នំាំ២០២១ខាងមុខ
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានគួសបញ្ជាក់ថា ការធ្វើទំនើបកម្មលើសព្វាវុធរបស់កងទ័ពរុស្ស៊ី នឹងសម្រេចបានគោលដៅដែលកំណត់ទុកនៅឆ្នាំ ២០២១ខាងមុខនេះ គឺរហូតដល់ទៅ៧០ភាគរយនៃចំនួនសព្វាវុធសរុបទាំងអស់ ហើយថា ការធ្វើទំនើបកម្មលើសព្វាវុធនេះ គឺសម្រេចបាន៦០ភាគរយហើយ ។
អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីបាននឹងកំពុងធ្វើទំនើបកម្មយ៉ាងសកម្មទៅ លើបរិក្ខាយោធា និងសព្វាវុធរបស់ខ្លួន ហើយបើតាមគម្រោងវិស័យយោធាសម្រាប់ ឆ្នាំ២០១៨ដល់ឆ្នាំ២០២៧របស់រុស្ស៊ីនោះ រុស្ស៊ីគ្រោងនឹងចំណាយលុយ៣១៨ពាន់ លានដុល្លារអាមេរិក ដើម្បីកែលម្អបរិក្ខា និងសព្វាវុធយោធា ។
ប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ចំនួនបរិក្ខាយោធា និងសព្វាវុធទំនើបៗនៅក្នុងជួរកងទ័ពរុស្ស៊ីនាពេលបច្ចុប្បន្ន គឺជិត៦០ភាគរយហើយ ខណៈកាលពី៦ឆ្នាំ មុន គឺរុស្ស៊ីមានសព្វាវុធថ្មីៗ និងទំនើបៗមិនដល់១៦ភាគរយនោះឡើយនៅក្នុងជួរ កងទ័ពរបស់ខ្លួន ដែលប្រការនេះបានបង្ហាញថា ក្នុងរយៈពេលតែ៦ឆ្នាំ កងទ័ពរុស្ស៊ី មានការអភិវឌ្ឍន៍ផ្នែកសព្វាវុធខ្លាំងក្លាបំផុត ៕