អាជ្ញាធរអប្សរាប្រាប់ពលរដ្ឋកុំឱ្យលួចសង់សំណង់ខុសច្បាប់បើមិនចង់ប្រឈមនឹងការរុះរើ
សៀមរាប៖ ដោយសង្កេតឃើញថា រាល់ពេលមានការបោះឆ្នោតម្ដងៗ ពលរដ្ឋតែងលួចសង់សំណង់ខុសច្បាប់ក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីប្រកាសព័ត៌មានដោយទាត់ចោលរាល់ពាក្យចចាមអារ៉ាមនានាដែលថា ការសង់សំណង់ផ្សេងៗត្រូវបានអនុញ្ញាតក្នុងអំឡុងពេលជិតបោះឆ្នោត។
«ពុំមានការអនុញ្ញាតឱ្យមានការសាងសង់ដោយសេរីនៅក្នុងតំបន់បេតិកភណ្ឌនោះទេ។ រាល់សំណង់ខុសច្បាប់ ការលួចសាងសង់គ្មានការអនុញ្ញាតនឹងត្រូវបានរុះរើចេញដោយគ្មានលក្ខខណ្ឌ»។ នេះជាចំណុចទី១ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ស្ដីពីការទប់ស្កាត់សំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា។
ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាក៏បានប្រាប់ដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការឃោសនាផ្សេងៗពីបុគ្គលមួយចំនួន ដែលដើរបោកប្រាស់ ឬតាមរយៈការធានាឱ្យមានការសាងសង់សំណង់ខុសច្បាប់ និងការទទួលយកប្រាក់ជាថ្នូរនឹងបានសិទ្ធិសាងសង់ផ្សេងៗ គឺពួកគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើអាជ្ញាធរបានដឹង។
អាជ្ញាធរជាតិអប្សរា ឱ្យពលរដ្ឋសាកសួរព័ត៌មានទាក់ទងនឹងការសាងសង់ផ្សេងៗក្នុងតំបន់អង្គរ តាមរយៈលេខទូរសព្ទចំនួន ៣ប្រព័ន្ធ គឺ ០៩២ ៨៩ ៩៩ ៦៦, ០១២ ៨៥ ០២ ២៦ និង ០១២ ៣២ ៥៤ ១៩ ឬតាមទំព័រហ្វេសប៊ុក «អាជ្ញាធរជាតិអប្សរា»៕