សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ៨រូប

អត្ថបទដោយ៖
Kien Sereyvuth

ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស ជូនមន្រ្តីជាន់ខ្ពស់ ៨រូប
នៅព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ៨រូប ។
មន្រ្តីជាន់ខ្ពស់ទាំង ៨រូប ដែលព្រះមហាក្សត្រខ្មែរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានគោរពងារវិទ្យាសាស្ត្រ និងកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជានេះរួមមាន ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត នេត បារ៉ុម , បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់ និងជាធនាគារខួរក្បាលមួយរបស់ជាតិ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ឥស្សរជន និងបញ្ញាជនជាន់ខ្ពស់របស់ជាតិ ដែលជាគោរមវន្តទាំង០៨រូប ដែលបានជ្រើសរើសចេញពីការបោះឆ្នោត និងការពិនិត្យវិនិច្ឆ័យដោយក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជានេះ នឹងរួមចំណែកក្នុងការងារអភិវឌ្ឍធនធានមនុស្ស និងការងារស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រស់រវើក និងមានសន្ទុះទ្វេឡើង ព្រមទាំងខិតខំសម្រេចឱ្យបាននូវស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីបន្សល់ទុកជូនអ្នកជំនាន់ក្រោយ ហើយដើរតួនាទីជាគំរូទាំងស្នាដៃ និងកិត្តិស័ព្ទដល់ឥស្សរជន និងបញ្ញាជនដទៃទៀត ។
ជាមួយនិងការលើកទឹកចិត្តសម្តេចតេជោ  បានបញ្ជាក់ថា រយៈពេល២០ឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងការទទួលបាននូវសុខសន្តិភាពហើយនោះ កម្ពុជាក៏កំពុងជំរុញវិស័យសេដ្ឋកិច្ច ឲ្យក្លាយជាប្រទេសមួយមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោបន្តថា ដើម្បីឲ្យកម្ពុជារត់ទាន់ពីការអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ គឺត្រូវតែជំរុញការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រហើយការងារនេះក៏ជាតួនាទីស្នូលរបស់រាជបណ្ឌិត្យសភាកម្ពុជាផងដែរ ។ ក្នុងន័យនេះ សម្តេចតេជោ រំលេចឲ្យឃើញថា សង្គ្រាមពាណិជ្ជកម្មកំពុងផ្ទុះឡើងយ៉ាងពេញទំហឹងរវាងប្រទេសអភិវឌ្ឍន៍ជឿនលឿនទាំង៧ ជាមួយអាមេរិក រួមទាំងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកជាមួយចិន និងឥណ្ឌាជាដើមសុទ្ធជាបញ្ហាត្រូវដោះស្រាយ។
សម្តេចតេជោ  ស្នើឲ្យមន្ត្រីកម្ពុជាតាមដានសិក្សាស្រាវជ្រាវ ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហារបស់ពិភពលោកមួយនេះ ។
   សម្តេចថា នយោបាយដំឡើងពន្ធគឺធ្វើឲ្យប៉ះពាល់មុនគេ គឺអ្នកប្រើប្រាស់ ភ្ជាប់បញ្ហានេះកម្ពុជាបាននិងកំពុងរៀបចំគោលនយោបាយសេដ្ឋកិច្ចមួយចំនួនសម្រាប់អនុវត្តន៍នៅអាណត្តិថ្មីហើយថា នៅថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ សម្តេចនឹងប្រកាសចេញគោលការណ៍តម្លៃប្រេង ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដោយសារការដំឡើងថ្លៃប្រេងរបស់ពិភពលោក។
តាមរយៈពិធីនេះសម្តេចតេជោរំពឹងថា បញ្ញវន្តទាំងអស់ រួមទាំងសាកលវិទ្យាល័យនានាផង នឹងរួមគ្នាសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ដើម្បីរកវិធីដោះស្រាយចំពោះបញ្ហាលើពិភពលោកទាំងសង្គ្រាមសេដ្ឋកិច្ច និងបញ្ហាសង្គ្រាមនានា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner