តុលាការសម្រេចឃុំខ្លួនអ្នកបើកឡាន បុកជនរងគ្រោះហើយថយ មកកិនបន្ថែមទៀតរហូតបាត់បង់ជីវិត ដាក់ពន្ធនាគារ
ភ្នំពេញ ៖ លោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ សម្រេចចេញដីកាឃុំខ្លួនអ្នកបើកឡានបុកយុវជនម្នាក់រួចថយកិនបន្ថែមរហូតដល់ស្លាប់ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ ជនជាប់ចោទរូបនេះឈ្មោះ យ៉ាន់ ណា លីណា ត្រូវបាន លោក សឿ ឡុងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពេទ្យធ្មេញ ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍ឈានដល់ការអំពើឃាតកម្មនេះ កើតឡើងកាលពីវេលាម៉ោង២៣៖៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៧៣កែងផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកចរាចរណ៍ ថ្លែងថា ជនបង្កឈ្មោះ យ៉ាន់ ណាលីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ៥អឹម ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បើករថយន្ដម៉ាក Lexus NX200T ស្លាកលេខភ្នំពេញ 2BH-8494 ភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ខុន តុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងអ្នករួមដំណើរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសធ្ងន់ ។
តាមរយៈវីដេអូដែលបានចែកចាយ លើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា ជបង្កពិតជាមានចរិកសាហាវឃោឃៅព្រៃផ្សៃណាស់ ដោយបន្ទាប់ពីបុកជនរងគ្រោះពីក្រោយពេញទំហឹង ហើយ ជនបង្កបានបើកថយក្រោយកិនជនរងគ្រោះបន្ថែម រហូតដល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ៕