ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះដោយទឹកជំនន់ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង

អត្ថបទដោយ៖
AMS

កណ្តាល៖ ក្នុងឱកាសនោះលោក ស៊ិន គាវុធ ជំទប់ទី១ឃុំគោកត្រប់ បានជម្រាបជូនអំពីផលប៉ះពាល់របស់ប្រជាពល​រដ្ឋក្នុងស្ថានភាពទឹកជំនន់នៅឃុំគោកត្រប់ថាៈ« ភូមិចំនួន៣ទទួលរងការលិចលង់ដោយ​សារទឹកជំនន់ បណ្តាលឱ្យប្រជា​ពលរដ្ឋចំនួន៣៣គ្រួសាររងគ្រោះ,ផ្លូវលំលិចទឹកមិនអាចធ្វើចរាចរណ៍ បានចំនួន១២ខែ្ស ប្រវែង១៥៥ម៉ែត្រ ផ្ទៃ​​ស្រែលិចទឹកចំនួន២៥៦ហិចតា។លោកជំទប់ទី១ បានបន្តថា បច្ចុប្បន្ននេះ ឃុំបានត្រៀម បង្ការទប់ស្តាប់ និង​ជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបគ្រោះជាយថាហេតុ ដោយបានត្រៀមទីទួលសុវត្ថិភាពចំនួន៤កន្លែង និងកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សហការជាមួយប្រជាការពារភូមិចំនួន៥៨នាក់ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះនៅតាមបណ្តាខេត្តជាច្រើន ក៏ដូចជានៅរាជធានីភ្នំពេញកំពុងរងគ្រោះដោយសារទឹកជំនន់ ទោះបីជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែងគិតគូរចំពោះសេចក្តីសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងដែលរងគ្រោះដោយទឹកជំនន់ និងបានណែនាំដល់ថ្នាក់ដឹនាំ និងអាជ្ញាធរទាំងអស់ឱ្យចុះជួយប្រជាពលរដ្ឋ រួមសុខរួមទុក្ខនៅពេលដែលលំបាក ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅពេលនេះ ។ ជាមួយគ្នានេះ ឯកឧត្តមក៏ផ្តាំផ្ញើឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋរងគ្រោះដោយសាទឹកជំនន់ទាំងអស់ សូម​មានការ​យកចិត្ត​ទុកដាក់ និងប្រុងប្រយ័ត្ន​ខ្ពស់ បើ​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវ​រាយការណ៍​មកកាន់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បាន​ទាន់ពេល​វេលា ជាពិសេស​ត្រូវ​យកចិត្ត​ទុកដាក់​ថែទាំ​សុខភាព និង​រស់នៅ​ប្រក​ប​ដោយ​អនាម័យដើម្បីជៀសវាង​កើតមាន​ជំ​ងឺ​ផ្សេង​ៗ។បន្ទាប់មក ឯកឧត្តមបាននាំយកអំណោយ និងថវិកា ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០គ្រួសារ និងជនរងគ្រោះដោយទឹកជំនន់ចំនួន៣៣ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូ អាវ១ ភួយ១ មី ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម សារុង០១ និងថវិកា ៥ម៉ឺនរៀល ឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំគោកត្រប់ សម្រាប់ដាក់លូ និងជួសជុលផ្លូវដែលខូចខាតដោយជំនន់ទឹកភ្លៀងចំនួន ១៣,៣៨៤,០០០រៀល ឧបត្ថម្ភលោក  គង់  បឿន ប្រធានក្រុមប្រឹក្សាឃុំគោកត្រប់សម្រាប់ព្យាបាលជំងឺចំនួន៥០០ដុល្លារ ប្រជាពលរដ្ឋទ័លក្រចំនួន១៦០,០០០រៀល ប្រជាការពារភូមិ ឃុំចំនួន១៦នាក់  ម្នាក់ៗទទួលបាន ភួយ១ អាវ១ សារុង១ ថវិកាចំនួន២០,០០០រៀល មេភូមិ និងមន្ត្រីឃុំចំនួន១៤នាក់  ម្នាក់ៗទទួលបានសារុង១ ថវិកា២០,០០០រៀល ព្រមទាំងបានចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋ១៨គ្រួសារ ក្នុង១គ្រួសារ២០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន៣១,៩៦៤,០០០រៀល និង ៥០០ដុល្លារអាមេរិក។

បន្ទាប់ពីជួបសំណេះសំណាល ចែកអំណោយជូនប្រជាពលរដ្ឋរួចមក ឯកឧត្តម ម៉ម ប៊ុននាង រួមជាមួយក្រុមប្រឹក្សាឃុំគោកត្រប់បានចុះពិនិត្យស្ថានភាពផ្លូវ លូទឹក ស្ថិតនៅមុខវត្តកោកកាត និងក្នុងបិវេណសាលាបឋមសិក្សាគោត្រប់ម៉ុនស្ទែរ ដែលគ្រោងនឹងកសាង ជួសជុលបន្ទាប់ពីស្ថានភាពទឹកជំនន់បានបញ្ចប់៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner