ឯកឧត្តម អូនព័ន្ធមុន្នីរ័ត្នជួបពិភាក្សាកាងារជាមួយលោក Yusahisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា

ដើម្បីការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាការ​រៀបចំ​នូវ​វិធានការ​គោលនយោបាយសម្រាប់ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងវិបត្តិនៃជំងឺកូវីឌ ១៩ និងគ្រោះធម្មជាតិ ។​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​សម្តែង​នូវ​អំណរគុណយ៉ាង​ជ្រាល​ជ្រៅ​​ជូន​ចំពោះ​មូលនិធិរូបិយវត្ថុអន្តរជាតិ​ ដែលជានិច្ច​ជាកាល​​ រួម​ជាមួយដៃគូអភិវឌ្ឍន៍ផ្សេង​ទៀត ​បន្តរួម​​សុខទុក្ខ​ជាមួយកម្ពុជា​ ជាពិសេស​ក្នុង​កាលៈទេសៈដ៏លំបាកកំពុង​បង្កឡើង​​ដោយវិបត្តិ​ជំងឺកូវីដ-១៩ ។​ ​​​មូលនិធិរូបិយវត្ថុអន្តរជាតិ ​មានតួនាទីសំខាន់ក្នុងការ​បន្តតាមដាន​ និងវាយតម្លៃការ​វិវត្តសេដ្ឋកិច្ច​សកល, តំបន់ និង​​កម្ពុជា,  និងផ្ដល់ការសិក្សាផ្សេងៗ ដែលអាចជាធាតុចូលសម្រាប់កម្ពុជា ក្នុងការបន្តរៀបចំវិធានការពាក់ព័ន្ធក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងការ​រៀបចំ​នូវ​វិធានការ​គោលនយោបាយ​សម្រាប់ស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។

​នេះជាប្រសាសន៏លើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបវាងឯកឧត្តម និងលោក  Yusahisa Ojima  ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។

ឯកឧត្តមបន្តថា៖ទោះ​បីជាកម្ពុជា​ត្រូវបាន​វាយតម្លៃ និង​ទទួលស្គាល់ថា​ជាប្រទេស​មួយក្នុង​ចំណោម​ប្រទេស​ដែល​​គ្រប់គ្រង​ស្ថានភាព​ជំងឺកូវីដ-១៩ បានល្អប្រសើរ, រាជរដ្ឋាភិបាល​កម្ពុជា នៅបន្ត​តាម​ដាន​ការ​វិវត្ត​នៃជំងឺនេះដោយ​យកចិត្តទុក​ដាក់ខ្ពស់ និង​ពុំមើលស្រាលស្ថានការ ដោយ​បន្ត​អនុវត្ត​នូវ​​វិធានការសុខាភិបាល​ រួមជាមួយការចាត់វិធានការមុតស្រួចក្នុងការ​គាំទ្រ​លំនឹង​សេដ្ឋកិច្ច​ និង​ជីវភាព​ប្រជាជន​​ ។​ ​ ឈរលើមូលដ្ឋាននេះ, សកម្មភាពសេដ្ឋកិច្ច​កម្ពុជាអាចបន្តមានប្រក្រតីភាពល្អ  ខណៈស្ថានភាពសា​រពើពន្ធ​ ជាពិសេស ​ផ្នែក​ចំណូល​ពន្ធ​នឹង​មានភាពប្រសើរ​ជាង​ការ​រំពឹង​ទុក​​ ដែល​នេះ​ជាបច្ច័យល្អសម្រាប់ការ​អនុវត្តថវិកាឆ្នាំ ២០២១ ដោយអនុញ្ញាតឱ្យ​មាន​លំហថវិកាធំ ​ និង​ការ​ប្រើប្រាស់ប្រាក់​សន្សំរបស់​រាជរដ្ឋា-ភិបាល​តិច​ជាងការ​រំពឹង​ទុក ។​ ប៉ុន្តែ​ថ្មីៗនេះ​, ផលប៉ះពាល់ពី​ជំនន់ទឹកភ្លៀង បាន ​និង​កំពុង​ដាក់សម្ពាធមួយផ្នែក​វិញ​​ ដល់​បន្ទុក​ចំណាយ​រដ្ឋ ពិសេស ​ការ​ស្តារ​ឡើង​វិញនូវហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូន​ និង​ធា​រា​សាស្រ្ត ។​

ទោះជាយ៉ាង, រាជរដ្ឋាភិបាល​កម្ពុជា បាន ​និង​កំពុង​រៀបចំផែនការ​ស្តារសេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺកូវីដ-១៩ (Post Covid-19 Recovery Plan)​ ​ដែល​ជា​ការ​គិតគូរ​សម្រាប់រយៈពេល​មធ្យម​ក្នុងការ​ជំរុញកំណើន​សេដ្ឋកិច្ច​ឱ្យ​ត្រឡប់ទៅ​រកសក្តានុពល​វិញ​ឱ្យ​បាន​លឿន ។

លោក​ Yasuhisa Ojima បាន​វាយតម្លៃខ្ពស់​ចំពោះ​ភាពជោគជ័យរបស់​កម្ពុជាក្នុង​ការ​ប្រយុទ្ធប្រឆាំង និងគ្រប់គ្រងបានល្អប្រសើរនូវការរីករាលដាននៃ​ជំងឺកូវីដ-១៩ នៅកម្ពុជា ពិសេស ​ប្រសិទ្ធភាព​នៃការ​អនុវត្ត​នូវវិធានការ​​ មុតស្រួច ថ្មីៗ នានាក្រោមក្របខណ្ឌយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ ១៩ និងកម្មវិធី​គាំពារ​សង្គម​​ ជាដើម ។​ ជាមួយគ្នា​នេះ, លោកប្រធាន​ស្ថានតំណាង​បាន​គាំទ្រ​ស្មារតី​ប្រុងប្រយ័ត្នខ្ពស់របស់រាជរដ្ឋាភិបាល​ តាមរយៈការ​បន្តតាមដាន​ការ​ប្រែប្រួល​ស្ថាន​ការ​ម៉ាក្រូសេដ្ឋកិច្ច និង​បាន​លើកទឹកចិត្ត​ឱ្យ​បន្តកិច្ចសហការ​ជាមួយធនាគារជាតិ​នៃកម្ពុជា ក្នុង​ការ​ឃ្លាំមើល​ការ​ប្រែប្រួ​លនៃ​ស្ថានភាពសេដ្ឋកិច្ច ​ទាំង​កម្រិត​សកល​ និង​តំបន់ ។​ ​ ​​លោក​ Yasuhisa Ojima បាន​អះអាង​ថា មូលនិធិរូបិយវត្ថុអន្តរជាតិ នឹង​បន្តជួយគាំទ្រ​កម្ពុជា​តាមរយៈការ​បន្តកិច្ចសហ-ប្រតិបត្តិការ​​ជាប្រពៃណីកន្លង​មក​ និង​បាន​គូស​បញ្ជាក់ពី​ក្រ​បខណ្ឌ​នៃកិច្ចសហប្រតិបត្តិការ​ពិសេស ​ក្នុង​នោះរួមមាន​ មូលនិធិ​ហិរញ្ញប្បទាន​រហ័ស​  (Rapid Financing Facility)​ ដែល​អាច​ជាជម្រើស​មួយ​បន្ថែម​សម្រាប់កម្ពុជាក្នុង​ការ​បំពេញ​កង្វះខាត​ហិរញ្ញប្បទាន​សម្រាប់​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺកូវីដ-១៩ ។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner