ពិធីបញ្ចុះបឋមសិលា សាងសង់កុដិ្ឋថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការវត្តឥន្ទខីលារាម ហៅវត្តថ្មគោល ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម
ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់កុដិ្ឋថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការវត្តឥន្ទខីលារាម ហៅវត្តថ្មគោល ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម និងជួបសំណេះសំណាលជាមួយព្រះ ចៅអធិការវត្ត ព្រះសង្ឃ ពុទ្ធិបរិស័ទមកពីទីជិតឆ្ងាយ តាជី យាយជី អាជ្ញាធរមូលដ្ឋាន និងក្រុមការងារគណ:បក្សចុះជួយឃុំរអាងប្រមាណ៥០០នាក់។
ឯកឧត្តមប្រធានក្រុមការងារបានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានលើកយកខ្លឹមសារ និងអត្ថន័យនៃពាក្យសន្តិភាពមកអត្ថាធិប្បាយជូនអង្គពិធីបានជ្រួតជ្រាប ដោយសង្កត់ធ្ងន់ទៅ លើឧត្តមភាព នៃម្លប់សុខសន្តិភាពបានគ្របដណ្តប់លើផ្ទៃប្រទេស ហើយពិតណាស់ដោយ សារម្លប់នេះធ្វើឲ្យប្រទេសជាតិ មានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។ ជាក់ស្តែងពេលនេះយើងគ្រប់ៗគ្នា ដែលជាពុទ្ធសាសនិកជន បានមកជួបជុំគ្នាប្រកបដោយទឹកមុខ និងទឹកចិត្តស្រស់ស្រាយ បង្កប់ទៅដោយក្តីសង្ឃឹម ជឿជាក់ គាំទ្រ ឱ្យតម្លៃ និងថែរក្សាសុខសន្តិភាព ដែលរកបានមកដោយការប្តូរសាច់ ប្តូរឈាម និងអាយុជីវិត របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព និងឥស្សរជននៃគណបក្សប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ដោយឡែកកម្មវិធីនាពេលនេះ ឯកឧត្តមប្រធានបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ដែលព្រះចៅ អធិការ ពុទ្ធិបរិស័ទ សប្បុរសជន ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំរអាងបានខិតខំ កសាងដើម្បី ទុកជាទីសក្ការក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយបានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានទីជិតឆ្ងាយ ព្រះចៅអធិការ បងប្អូនពុទ្ធបរិស័ទ សមាជិក ក្រុមការងារ អាជ្ញាធរមូលដ្ឋាន ដែលបានរួមគ្នាជាកំលាំងកាយ ចិត្ត និងបរិចាកថវិកាផ្ទាល់កសាង សមិទ្ធផលទាំង ផ្នែកអាណាចក្រ និងពុទ្ធចក្រនៅទូទាំងឃុំរអាង និងសូមទទួលយកកុសល ផលបុណ្យតាមសទ្ធារៀងៗ ខ្លួន។
ដើម្បីភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសន៍ ឯកឧត្តមប្រធាន និងសហការី បានចាប់មគ្គផល ៥ ០០០ដុល្លារប្រគេនចៅអធិការវត្ត ហើយសមាជិក សមាជិកានៃអង្គពិធីម្នាក់ៗទទួលបានថវិកា ២០ ០០០រៀលផងដែរ។បន្ទាប់ពីពិធីបញ្ចុះបឋមសិលាសាងសង់កុដិថ្មី ស្រោចស្រពសុគន្ទវារីប្រគេនព្រះគ្រូចៅអធិការវត្តឥន្ទខីលារាម ហៅវត្តថ្មគោល និងសំណេះសំណាលជាមួយលោកយាយ លោកតា បងប្អូនដែលជាពុទ្ធបរិស័ទចំណុះជើងវត្តជាង៥០០នាក់ រួចមកឯកឧត្តមប្រធានក្រុមការងារបានបន្តដំណើរមកពិនិត្យទីតាំងដែលនឹងត្រូវធ្វើការសាងសង់ជាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរអាង ស្រុកកំពង់សៀម។
សូមអនុញ្ញាតជម្រាបជូនថា ស្នាក់ការគណបក្សថ្មីនេះ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងខែវិច្ឆិកា ខាងមុខនេះ ហើយសង្ឃឹមថារួចរាល់ហើយ នឹងអាចដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនាពាក់ កណ្តាលឆ្នាំ២០២១ ដែលមានទំហំបណ្តោយ ២៤ម៉ែត្រ និងទទឹង៨ម៉ែត្រ ៕