ប៉ាគីស្ថានសម្រេចចិត្តបើកកម្មវិធី TikTok ឡើងវិញ បន្ទាប់ពីត្រូវបានបិទកាលពីដើមខែនេះ
គីស្ថាន៖ រដ្ឋាភិបាលប៉ាគីស្ថានបានអនុញ្ញាតឱ្យក្រុមហ៊ុន ByteDance បើកដំណើរការ TikTok ឡើងវិញ បន្ទាប់ពីកម្មវិធីវីដេអូកំសាន្តដ៏ពេញនិយមនេះ ត្រូវបានបិទកាលពីដើមខែតុលាកន្លងទៅ នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។
ការផ្សព្វផ្សាយរបស់អង្គភាពទូរគមនាគមន៍ប៉ាគីស្ថាន (PTA) នៅក្នុងបណ្ដាញសង្គម Twitter បានឱ្យដឹងថា ការអនុញ្ញាតឱ្យបើកជាបណ្ដោះអាសន្ននេះ បានកើតមានឡើងបន្ទាប់ពីក្រុមហ៊ុន ByteDance សន្យាថា ពួកគេនឹងមានវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងព័ត៌មាន ឬសាច់រឿងអសីលធម៌ ដែលទាក់ទងនឹងប្រពៃណី ពូជសាសន៍ និងសុវត្ថិភាពសង្គមរបស់ប៉ាគីស្ថាន ។
សូមរំលឹកថា កម្មវិធី TikTok ត្រូវបានបិទដោយសារតែក្រុមហ៊ុនមានភាពព្រងើយកន្តើយ ក្នុងការអនុវត្តនៃការស្នើសុំរបស់រដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីធ្វើការកែសម្រួលក្នុងការគ្រប់គ្រងព័ត៌មាន ដែលបានផ្សព្វផ្សាយនៅក្នុងកម្មវិធី TikTok ។ តួយ៉ាងនៅក្នុងរយៈពេលប្រមាណ៦ខែដើមឆ្នាំនេះ រដ្ឋាភិបាលប៉ាគីស្ថានបានស្នើសុំឱ្យក្រុមហ៊ុនបិទគណនីចំនួន៤០ ប៉ុន្តែក្រុមហ៊ុនអាចបិទបានតែពីរប៉ុណ្ណោះ ៕