នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា អេមីរ៉ាត់អារ៉ាប់រួម និងអ៊ីស្រាអែលព្រមព្រៀងគ្នាលើការធ្វើដំណើរដោយគ្មានទិដ្ឋាការ
អ៊ីស្រាអែល៖ អ៊ីស្រាអែល និង អេមីរ៉ាត់អារ៉ាប់រួមបានឯកភាពគ្នា កាលពីថ្ងៃចន្ទ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ធ្វើឱ្យពលរដ្ឋអេមីរ៉ាត់អារ៉ាប់រួម ក្លាយជាប្រជាជាតិដំបូងបង្អស់នៅក្នុងពិភពអារ៉ាប់ដែលត្រូវបានលើកលែងពីការអនុញ្ញាតឱ្យចូលប្រទេសអ៊ីស្រាអែល នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា បន្ទាប់ពីមន្រ្តីប្រតិភូក្រុមដំបូងមកពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានធ្វើដំណើរតាមជើងហោះហើរទៅដល់ទឹកដីអ៊ីស្រាអែល មួយថ្ងៃក្រោយមានកិច្ចចចារគ្នាផ្អែកលើកិច្ចព្រមព្រៀងផ្សារភ្ជាប់ទំនាក់ទំនង ជាប្រក្រតីឡើងវិញ ដែលត្រូវបានចុះហត្ថលេខានៅឯសេតវិមានកាលពីខែមុន ។ នាឱកាសនោះដែរ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានសម្តែងការស្វាគមន៍គណៈប្រតិភូអេមីរ៉ាត់អារ៉ាប់រួម នៅឯអាកាសយានដ្ឋាន Ben Gurion នៅក្បែរទីក្រុង Tel Aviv ដោយលោកពណ៌នាដំណើរទស្សនកិច្ចនេះថា “ជាថ្ងៃដ៏រុងរឿងសម្រាប់សន្តិភាព” ។
បើតាមនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ រដ្ឋទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន០៤ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងនោះមានមួយ គឺ “ការលើកលែងជនជាតិយើងពីទិដ្ឋាការ” ដោយលោក ណឺតាន់យ៉ាហ៊ូ បានប្រកាសថា ចលនាសេរីរបស់ប្រជាជននឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចអ៊ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម ៕