សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ ក្នុងការជួបពិភាក្សាភ្លាមៗជាមួយរុស្ស៊ី ដើម្បីបញ្ចប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ត

អាមេរិក៖ សហរដ្ឋអាមេរិកបានប្រុងប្រៀបខ្លួនរួចរាល់ហើយ ក្នុងការជួបពិភាក្សាភ្លាមៗជាមួយភាគីរុស្ស៊ី ដើម្បីបញ្ចប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ត New START នេះបើតាមក្រសួងការបរទេសអាមេរិក ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Morgan Ortagus បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកត្រៀមនឹងជួបភ្លាមៗជាមួយរុស្ស៊ី ដើម្បីបញ្ចប់កិច្ចព្រមព្រៀងដែលអាចផ្ទៀងផ្ទាត់បាន… យើងរំពឹងថា រុស្ស៊ីនឹងផ្តល់អំណាចដល់អ្នកការទូតរបស់ខ្លួនឱ្យធ្វើដូចគ្នាដែរ ។

ការកត់សម្គាល់បែបនេះរបស់សហរដ្ឋអាមេរិក បានកើតមានឡើងចំពេលដែលក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីបានត្រៀមខ្លួនរួច រាល់ហើយ ក្នុងការបង្កកក្បាលនុយក្លេអ៊ែររបស់ខ្លួន រួមជាមួយសហរដ្ឋអាមេរិក ដើម្បីពន្យាសន្ធិសញ្ញាទ្វេភាគី New START រយៈពេលមួយឆ្នាំទៀត ។

សូមជំរាបថា សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ រវាងរុស្ស៊ី និងអាមេរិក ហើយនឹងត្រូវចប់សុពលភាពនៅដើមឆ្នាំ២០២១នេះ ។ សន្ធិសញ្ញានេះ មានគោលដៅគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងកាត់បន្ថយវាបន្តិចម្តងៗ ស្រមតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner