ថៃទទួលទេសចរបរទេស ៣៩នាក់ដំបូង ក្រោយបិទមិនឲ្យចូលប្រទេស ជិត៧ខែ
ឧស្សាហកម្មទេសចរណ៍នៃប្រទេសថៃបានចាប់ផ្តើមបោះជំហានតូចមួយ ក្នុងការស្រោចស្រង់វិស័យទេសចរណ៍ឡើងវិញ ដោយបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេស ៣៩នាក់ ធ្វើដំណើរពីសៀងហៃ ជាការមកដល់លើកដំបូង ចាប់តាំងពីភ្ញៀបរទេសត្រូវបានហាមមិនឲ្យចូលប្រទេសនេះ រយៈពេលជិត៧ខែមកនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ភ្ញៀវទេសចរដែលបានមកដល់ចំណតអាកាសយានដ្ឋាន សុវណ្ណភូមិ ស្ថិតក្នុងរាជធានីបាងកក តាមរយៈកម្មវិធីវីសាទេសចរណ៍ពិសេស ផ្តល់ជូនដោយអាជ្ញាធរថៃនេះបានកើតមានឡើង ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញជាជំហានៗ ដោយគេដឹងថា កាលពីឆ្នាំ២០១៩ ថៃទទួលទេសចរបរទេសដល់ទៅជិត៤០លាននាក់ ចំណូលប្រមាណជាង១០ភាគរយនៃផលិតផលតក្នុងស្រុកសរុប (GDP)។
ការនាំយកភ្ញៀវមកពីចិនគឺជាជម្រើសធម្មតាឡើងវិញហើយ ខណៈដែលថៃគឺជាទីតាំងទេសចរណ៍ពេញនិយមបំផុតមួយរបស់ជនជាតិចិន កាលពីឆ្នាំ២០១៩។
យ៉ាងណាក៏ដោយ មិនមែនមានន័យថា ភ្ញៀវទេសចរណ៍បរទេសទាំងនោះអាចដើរលេងកម្សាន្តដោយសេរី ទូទាំងប្រទេសថៃ ព្រោះថា កញ្ចប់វីសាពិសេសនេះមានតម្រូវលក្ខខណ្ឌ ជាកម្មវិធីទិដ្ឋការពិសេស ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត កាលពីខែកញ្ញា៕ ប្រភពពី Channelnewsasia