ពលរដ្ឋអឺរ៉ុបត្រូវចំណាយ១៩០ពាន់លានដុល្លារ ក្នុង១ឆ្នាំ ព្រោះបញ្ហាបំពុលបរិស្ថាន
ការបំពុលខ្យល់នៅសហគមអឺរ៉ុបបានធ្វើឲ្យប្រជាពលរដ្ឋរស់ក្នុងទីក្រុងនានានៃប្លុកនេះខាតបង់ប្រាក់ប្រមាណ១៩០ពាន់លានដុល្លារអាមេរិក ឬ ១៦០ពាន់លានអឺរ៉ូ ជារៀងរាល់ឆ្នាំ ដោយសារតែត្រូវចំណាយលើការព្យាបាលជំងឺរយៈពេលវែង ឬ ខ្លី នេះបើតាមក្រុមឃ្លាំមើលសង្គមនិងបរិស្ថាន ដែលបានចេញផ្សាយរបាយការណ៍របស់ខ្លួន នាថ្ងៃពុធទី២១ តុលា ២០២០នេះ។
ស្ថាប័នស្រាវជ្រាវមានឈ្មោះថា CE Delft មួយនេះបានអះអាងថា តាមការវិភាគគុណភាពខ្យល់ ទិន្នន័យនៃការធ្វើដំណើរការ និងសុខភាព ក្នុងច្រើនជាង៤០០ទីក្រុង បញ្ហាបំពុលខ្យល់បណ្តាមកពីប្រេងឥន្ទនៈហ្វូសីល កាលពីឆ្នាំ២០១៨ ធ្វើឲ្យពលរដ្ឋអឺរ៉ុបម្នាក់ៗ ត្រូវចំណាយប្រមាណ១២៥០អឺរ៉ូ ឬប្រមាណ៤ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ។
ប្រភពបន្ថែមទៀតថា មានភស្តុតាងបង្ហាញច្បាស់លាស់ថា ការកាត់បន្ថយខ្យល់ពុលនៅក្នុងបណ្តាទីក្រុងរបស់អឺរ៉ុបគួរតែជាជម្រើសអាទិភាព ដើម្បីសុខាមាលភាពប្រជាជនអឺរ៉ុប៕