ឯកឧត្តម កៅ ថាច ជំរុញដល់ម្ចាស់រោងម៉ាស៊ីនប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករអោយអស់ពីលទ្ធភាពទោះជាល្អ ឬមិនសូវល្អ

ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មកិនកែច្នៃរបស់រោងម៉ាស៊ីនកិនស្រូវ ចំនួន៣ ដែលសុទ្ធសឹងខ្នាតធំ កាលពីពេលកន្លងទៅនេះ។

ជាមួយគ្នានេះ ឯកឧត្តមប្រតិភូ បានធ្វើការស្នើសុំ និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនជួយបន្ត និងប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករអោយអស់ពីលទ្ធភាពទោះបីស្រូវមានគុណភាពល្អ ឬមិនសូវល្អ ខណៈស្រូវសើមដែលបណ្តាលមកពីជំនន់ទឹកភ្លៀងក្នុងសប្តាហ៍កន្លងមក។

ទន្ទឹមនេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនដល់ម្ចាស់រោងម៉ាស៊ីនបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានត្រៀមថវិការួចជាស្រេច ដើម្បីត្រៀមទំលាក់ជាឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ទុកសម្រាប់ទិញស្រូវពីបងប្អូនប្រជាកសិករក្នុងរដូវប្រមូលផលស្រូវក្នុងពេលខាងមុខនេះ។

ជាបន្តនាថ្ងៃដដែល ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មកិន កែច្នៃស្រូវ អង្ករ និងត្រួតពិនិត្យមើលទីតាំងឃ្លាំងស្តុកស្រូវចំនួន ៥០ ០០០តោន និងឡសំងួតស្រូវខ្នាត ១៥០០តោនក្នុងមួយថ្ងៃ ដែលស្ថិតក្នុងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្នុងការសាងសង់ឡសំងួត និងឃ្លាំងស្តុកស្រូវ -អង្ករ ដែលផ្តល់ជូនក្រុមហ៊ុនអេមរុ រាយស៍ ខេមបូឌា ខូអិលធីឌី តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ជាមួយគ្នានេះអំឡុងពេលនេះ ជារដូវចាប់ផ្តើមប្រមូលផលស្រូវ ឯកឧត្តមប្រតិភូ បានធ្វើការស្នើសុំទៅកាន់តំណាងក្រុមហ៊ុន និងលើកទឹកចិត្ត អោយក្រុមហ៊ុនជួយទិញ និងបន្តទិញស្រូវពីបងប្អូនប្រជាកសិករដោយតំលៃសមរម្យអោយអស់ពីលទ្ធភាព ទោះបីគុណភាពស្រូវល្អ ឬមិនសូវល្អ និងស្រូវសើម ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងសប្តាហ៍កន្លងមកនេះផងដែរ។

ជាចុងក្រោយ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មកិន កែច្នៃស្រូវ អង្ករ និងត្រួតពិនិត្យមើលគម្រោងសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវដែលស្ថិតក្នុងគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលផ្តល់ជូនរោងម៉ាស៊ីនកិនស្រូវ ១៦៨៨ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ឯកឧត្តមប្រតិភូ បានធ្វើការស្នើសុំទៅកាន់ម្ចាស់រោងម៉ាស៊ីនស្រូវខាងលើដែរ ហើយលើកទឹកចិត្ត អោយជួយទិញ និងបន្តទិញស្រូវពីបងប្អូនប្រជាកសិករដោយតំលៃសមរម្យអោយអស់ពីលទ្ធភាព ទោះបីគុណភាពស្រូវល្អ ឬមិនសូវល្អ និងស្រូវសើម ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងសប្តាហ៍កន្លងមកនេះផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner