ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យ ក​​សិកម្ម និងជនបទ ជាមួយកម្មវិធីស្បៀង​អាហារ​ពិភពលោក

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរ ស្តីពីការអនុវត្តយុទ្ឋសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ (២០១៩-២០២៣) វាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២១ តុលា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ លោកស្រី ក្លែ អែននី កូណាន់ (Claire Anne Conan) តំណាង និងជានាយិកាប្រចាំប្រទេសកម្ពុជានៃអង្គការ​កម្មវិធីស្បៀងអាហារពិភពលោក (WFP)។ ជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៏ជនបទ ក្រសួងសុខាភិបាល ផងដែរ។

លោកស្រី ក្លែ អែននី កូណាន់ (Claire Anne Conan) បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានចាត់វិធានការទាន់ពេលវេលា និងមានប្រសិទ្ឋិភាពចំពោះជម្ងឺកូវីដ១៩ មិនឲ្យរីករាលដាលចូលដល់សហគមន៏ ពិសេសបានជួយដល់ជនក្រីក្រដែលរងផលប៉ះពាល់ដោយសារជម្ងឺឆ្លងដ៏កាចសាហាវនេះ ហើយថ្មីៗនេះ បានអន្តរាគមន៏​ ទាន់ពេលវេលាចំពោះគ្រោះមហន្តរាយដែលបង្កឡើងដោយជំនន់ទឹកភ្លៀង។ លោកស្រីបន្តថា អង្គការ​កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ គឺជាដៃគូដ៏សំខាន់ និងជាមិត្តយូរអង្វែងក្នុងការជួយសម្របសម្រួលគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ឋ ដើម្បីការអនុវត្តគម្រោងនានានៅកម្ពុជាប្រព្រឹត្តិទៅដោយរលូន​ និងជោគជ័យ។ លោកស្រីបញ្ជាក់ថា តួនាទីរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក គឺប្រយុទ្ឋប្រឆាំងនឹងភាពស្រេកឃ្លាន និងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ដូចនេះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាផ្តល់នូវភាពជាដៃគូដ៏ជិតស្និតរវាងរាជរដ្ឋាភិបាល និង WFP ក្នុងការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តគម្រោងទាំងថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ ពង្រឹងការសម្របសម្រួលពហុវិស័យដើម្បីធ្វើផែនការសុខុដុមនីយកម្មវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងបញ្ជ្រៀបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភទៅក្នុងដំណើរការរៀបចំផែនការរបស់ក្រសួងស្ថាប័នពាក់ព័ន្ឋ ពិសេសផែនការអភិវឌ្ឍន៏ឃុំ សង្កាត់។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ ចំពោះអង្គការ​កម្មវិធីស្បៀងអាហារពិភពលោក ដែលបានជួយកម្ពុជាតាំងពីឆ្នាំ១៩៧៩ និងបានជួយដល់ជនភាសខ្លួនខ្មែរនៅតាមព្រំដែនកម្ពុជា ថៃ បានវិលត្រឡប់មកជួបជុំគ្រួសារវិញ បានជួយកសាង និងស្តារហេដ្ឋារចនាសម្ព័នជនបទ ជួយឲ្យកុមារបានចូលសាលារៀន ជួយកាត់បន្ថយភាពអត់ឃ្លាន និងបញ្ហាកង្វះអាហារូបត្ថម្ភ និងជម្ងឺផ្សេងៗ និងជួយឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ​ ដូចជាគ្រោះទឹកជំនន់ និងរាំងស្ងួតជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអបអរសាទរចំពោះ WFP ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាពឆ្នំា២០២០ សម្រាប់កិច្ចខិតខំប្រឹប្រែងក្នុងការប្រយុទ្ឋប្រឆាំងនឹងភាពអត់ឃ្លាន និងលើកកម្ពស់សន្តិភាពក្នុងតំបន់មានជម្លោះនៅទូទាំងពិភពលោក។  វត្តមានរបស់អង្គការសុខភាពពិភពលោក កាន់តែមានសារៈសំខាន់ក្នុងការួមចំណែកដល់ការអភិវឌ្ឍន៏ និងការវិវត្តន៏ថ្មីៗក្នុងតំបន់ និងពិភពលោក តាមរយៈការជួយរៀបចំគោលនយោបាយ យុទ្ឋសាស្ត្រ ការពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការសម្របសម្រូល ការតស៊ូមតិ ការសិក្សាស្រាវជ្រាវ និងការគ្រប់គ្រងព័ត៌មាន ព្រមទំាងផ្តល់ចំណេះដឹង​ និងការកសាងមូលធនមនុស្សនៅកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner