វៀតណាមនឹងរងការប្រហារពីព្យុះថ្មីមួយទៀត ចុងសប្តាហ៍នេះ
អាជ្ញាធរនៅក្នុងប្រទេសវៀតណាម កំពុងដុតដៃដុតជើង ជម្លៀសប្រជាជនរាប់ពាន់នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ទីទួលមានសុវត្ថិភាព ខណៈព្យុះត្រូពិក Saudel កំពុងរំកិលកាន់តែខិតជិតដល់ប្រទេសមួយនេះ ដែលកំពុងរងគ្រោះធ្ងន់ធ្ងរស្រាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដី។
បន្ទាប់ពីបានវាយប្រហារប្រទេសហ្វីលីពីន ព្យុះត្រូពិក Saudel កំពុងធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូងនៅថ្ងៃពុធនេះ ហើយវាត្រូវបានគេរំពឹងថា នឹងមកដល់វៀតណាមនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដោយនឹងវាយប្រហារលើតំបន់ភាគកណ្ដាលនៃប្រទេស។
តំបន់ភាគកណ្ដាលប្រទេសវៀតណាមបាននិងកំពុងរងគ្រោះស្រាប់ទៅហើយ ដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលជាង ២ទសវត្សរ៍មកនេះ ដែលបានផ្ដាច់ជីវិតមនុស្ស ១១១នាក់គិតត្រឹមថ្ងៃពុធនេះ ខណៈមនុស្ស ២២នាក់ទៀតបាត់ខ្លួន៕ ប្រភពពី cna