តំណាប់បន្លែផ្លែឈើ និងតំណាប់បណ្តូលពេជ្រ

វល្លិបណ្តូលពេជ្រ គឺជាប្រភេទវល្លិ ដែលមានរស់ជាតិល្វីងខ្លាំង ប៉ុន្តែគេអាចកែច្នៃធ្វើជាតំណាប់ ដែលមានរស់ជាតិផ្អែម សឹងតែមិនគួរអោយជឿ។

ប្អូនស្រី សៀង ហុង ជាអ្នកធ្វើតំណាប់បន្លែផ្លែឈើ រស់នៅភូមិគងណយ ឃុំគងណយ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអោយដឹងថា ក្រុមគ្រួសាររបស់ប្អូនស្រី ចេះធ្វើតំណាប់នេះ តពីយាយទូត ជាច្រើនជំនាន់មកហើយ។ បន្លែផ្លែឈើដែលអាចធ្វើបានរួមមាន ផ្លែត្រឡាច ផ្លែល្ហុង ការ៉ុត ផ្លែបាស់ ផ្លែក្រូចសើច ននោង ផ្លែម្រះ ដើមដំបងយក្ស និងវល្លិបណ្តូលពេជ្រ ។ ប្អូនស្រីបានអោយដឹងថា អតិថិជនភាគច្រើន ចាប់អារម្មណ៍នឹងវល្លិ៍បណ្តូលពេជ្រ ព្រោះគេឆ្ងល់ថា ហេតុអ្វីអាចធ្វើអោយមានរស់ជាតិផ្អែមបាន?

ប្អូនស្រីបានរៀបរាប់ថា របៀបធ្វើតំណាប់ គេចែកជាពីរបៀបធ្វើ និងដំណាក់កាលនីមួយៗ គឺទី១ ប្រភេទបន្លែបៃតងគឺត្រូវ ត្រាំទឹកអំបិល, ត្រាំទឹកកំបោរ, ត្រាំទឹកសាច់ជូរ, ស្រុះទឹកក្តៅជាមួយឆ្នាំងស្ពាន់ដើម្បីអោយពណ៌នៅស្រស់ដដែល, ត្រាំជាមួយទឹកស្អាត និងឆឹងជាមួយស្ករ។ ទី២ ប្រភេទបន្លែចាក់ក្បាច់ គឺយកទៅត្រាំទឹកកំបោរ, ត្រាំទឹកសាច់ជូរ, ស្រុះទឹកក្តៅ, ត្រាំជាមួយទឹកស្អាត និងឆឹងជាមួយស្ករ។

អ្នកស្រី ដេត ស៊ីណាត ដែលជាម្ចាស់អាជីវកម្មនៃផេក ចំការម្ជូរព្រឹក្ស បានប្រាប់អំពីគោលបំណងក្នុងការជួយរកទីផ្សារជូនដល់បងប្អូនប្រជាសហគមន៍ និងចង់បង្ហាញពីអ្វីដែលបងប្អូនខ្មែរយើង មានការអភិរក្សនូវផលិតផលខ្មែរ ការកែច្នៃបន្លែផ្លែឈើធ្វើជាតំណាប់ គំនិតច្នៃប្រឌិត ដែលមានតាំងពីជំនាន់ជីដូនជីតា បន្តបង្រៀនដល់កូនចៅជំនាន់ក្រោយៗ អោយចេះធ្វើតៗគ្នា ការចាក់ឆ្លាក់ ក្បូរក្បាច់រចនាទៅលើផ្លែឈើទាំងនោះ មើលទៅមានភាពទាក់ទាញ នឹងគួរឲ្យចង់ទទួលទាន។

អ្នកស្រី ដេត ស៊ីណាតក៏បានប្រាប់អោយដឹងបន្ថែមដែរថា ការប្រមូលទិញពីសហគមន៍ម្តងៗ ក៏អាស្រ័យទៅលើតម្រូវការទីផ្សារផងដែរ ជាមធ្យមចន្លោះពី ៣០គីឡូ ទៅ៥០គីឡូក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះទៀត បើមានភ្ញៀវកម្មង់ច្រើនសម្រាប់កម្មវិធីផ្សេងៗ ឬយកលក់បន្ត អាច ១០០គីឡូក៏មាន តាមតម្រូវការ។ អត្ថប្រយោជន៍បន្លែផ្លែឈើ ដែលគេធ្វើចេញជាដំណាប់នេះ គឺសម្បូរដោយវីតាមីនជំនួយដល់សុខភាពរបស់អ្នកបរិភោគ ទាំងសារជាតិកាកសសៃហ្វាយបឺ វីតាមីនស៊ី វីតាមីនបេ បេអង បេឌឺ ដែលជំនួយដល់សរីរាង្គកាយ។

អ្នកស្រីដែលជាម្ចាស់អាជីវកម្ម ផេកចម្កាម្ជូរព្រឹកក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយគាំទ្រនូវស្នាដៃរបស់ខ្មែរ រាល់ផលិតផលក្នុងស្រុករបស់ខ្មែរ ដើម្បីជួយដល់ជីវភាពបងប្អូនជាប្រជាកសិករ មានការងារធ្វើ ពង្រឹងសមត្ថភាពក្នុងការផលិតបំពេញសម្រូវការក្នុងស្រុក និងការនាំចេញក្រៅស្រុក៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner