ថវិកាសម្តេចតេជោ ហ៊ុន សែន ត្រូវបាន​ផ្តល់​ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកថាឡាបរិវ៉ាត់ តាមរយះ​អភិបាល​ខេត្តស្ទឹងត្រែង

ក្នុងរដូវវស្សានាឆ្នាំ២០២០នេះ បើទោះបីខេត្តស្ទឹងត្រែងមិនទទួលរងនូវផលប៉ះពាល់ពីទឹកជំនន់ធ្ងន់ធ្ងរដូចបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាយ៉ាងណាក្តី ក៏ថ្នាក់ដឹកនាំខេត្ត នៅតែបន្តយកចិត្តទុកដាក់ចុះពិ  និត្យតាមដាននូវស្ថានភាពកម្ពស់ទឹក ព្រមទាំងនាំយកនូវអំណោយសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមបណ្តាឃុំ/ស្រុកមួយចំនួនផងដែរ ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានដឹក​នាំក្រុមការងារចុះទៅសួរសុខទុក្ខ និងនាំយកនូវអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា យកទៅផ្តល់ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១០៥គ្រួសារ មកពីឃុំចំនួនពីរ ក្នុងស្រុកថាឡាបរិវ៉ាត់។

 ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេររួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុក​ដាក់ពី​សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នា​ការនយោបាយអ្វីមួយនោះឡើយ ។ ទន្ទឹមនោះក្រោយពីទទួលបានដំណឹងថា មានប្រជា​ពលរដ្ឋក្នុងខេត្តស្ទឹងត្រែងបានរងគ្រោះដោយសារទឹកភ្លៀង សម្តេច ក៏បាន​ផ្តល់ជាថវិកា​ចំនួន៥០០០០ដុល្លារអាមេរិក (ប្រាំម៉ឺនដុល្លារ) ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ ។

ឯកឧត្តមបានបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀង បានកើតឡើងចាប់ពីថ្ងៃទី១០ តែតុលា រហូតដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ ទឹកបានចាប់ផ្តើមស្រកចុះវិញ ដោយបានបង្កឲ្យមានផលប៉ះពាល់ លើភូមិចំនួន១៣ និងឃុំចំនួន៥ ក្នុងស្រុកថាឡាបរិវ៉ាត់ និងបានជន់លិចផ្ទះប្រជាពលរដ្ឋចំនួន៨៥១ខ្នង មានប្រជាពលរដ្ឋ​ចំនួន៩២៣គ្រួសារ ស្មើនិង៣៣៧៧នាក់ ត្រូវបានជម្លៀស,  ប្រជាពលរដ្ឋចេញពីផ្ទះបានចំនួន៥៥ គ្រួសារ ស្មើនិង១៦៨នាក់ និងប៉ះពាល់ដំណាំស្រូវចំនួន៣២៧ហិកតា ខូចអស់១៧១ហិកតា ប៉ះពាល់ដំណាំរួមផ្សំ​៣០ហិកតា ខូចអស់២២ហិកតា ក៏ដូចជាបានទទួលរងនូវផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ សាលារៀន វត្តអារ៉ាមជាច្រើនកន្លែងផងដែរ ។

សូមបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនប្រជាពលរដ្ឋចំនួន១០៥គ្រួសារ តាមរយៈរដ្ឋ​បាល​ខេត្តស្ទឹងត្រែង នាពេលនេះ រួមមាន ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ទឹកស៊ីអីវ១យួរ ត្រីខកំប៉ុង១យួរ ទឹកសុទ្ធ១កេស និងមុងជ្រលក់ថ្នាំចំនួន១ ៕ម៉ា វិន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner