ទីបំផុត! សហរដ្ឋអាមេរិកយល់ព្រមលក់អាវុធទំនើបៗក្នុងតម្លៃប្រមាណ១.៨ពាន់លានដុល្លារដល់កោះតៃវ៉ាន់
អាមេរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានយល់ព្រមលក់អាវុធទំនើបៗ ដែលមានតម្លៃប្រមាណ១.៨ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ដែលប្រការនេះ នឹងធ្វើឱ្យចិនខឹងសម្បារ ព្រមទាំងធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។
ក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃពុធនេះថា ខ្លួនបានផ្តល់ភ្លើងខៀវសម្រាប់ការលក់មីស៊ីលវាយប្រហារចេញពីដីចំនួន១៣៥ដើម ព្រមទាំងគ្រឿងឧបករណ៍ដែលពាក់ព័ន្ធ និង ការបណ្តុះបណ្តាលដល់តៃវ៉ាន់ ដើម្បីបង្កើនសមត្ថភាពការពាររបស់ខ្លួន ។
បើតាមក្រសួងការបរទេសអាមេរិក ការលក់ដែលត្រូវបានស្នើឡើងនេះ បម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈគាំទ្រការខំខិតប្រឹងប្រែងបន្តរបស់អ្នកទទួល ដើម្បីធ្វើឱ្យមានភាពទំនើបដល់កងទ័ពរបស់ខ្លួននិងរក្សាសមត្ថភាពការពារខ្លួនដែលអាចទុកចិត្តបាន ។ ការលក់នេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវសន្តិសុខរបស់អ្នកទទួល និង ជួយរក្សាស្ថិរភាពនយោបាយ និង តុល្យភាពយោធា រួមទាំងការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងតំបន់ ៕