ប្រទេសអាស៊ានប្តេជ្ញារួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ដែលបង្កការប៉ះពាល់ដល់វិស័យវប្បធម៌និងសិល្បៈ

ដោយ៖ម៉ាដេប៉ូ

ភ្នំពេញ៖ក្នុងកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកផ្នែកវប្បធម៌និងសិល្បៈលើកទី១៦ និង កិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាសម្រាប់អាណត្តិឆ្នាំ២០២០-២០២២បានប្តេជ្ញារួមគ្នាទប់ស្កាត់ជំងឺកូវិដ១៩ដែលនាំជះផលប៉ះពាល់ដល់វិស័យវប្បធម៌និងសិល្បៈរបស់បណ្តាប្រទេសក្នុងតំបន់នេះ។

          ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនាល្ងាចថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះលោកជំទាវភឿងសកុណារដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថាក្នុងកិច្ចប្រជុំពេញមួយថ្ងៃពោលគឺថ្ងៃទី២២ខែតុលានេះរដ្ឋន្រ្តីរបស់ក្រសួងវប្បធម៌អាស៊ានទាំងមូលបានសម្រេចយកប្រធានបទមួយគឺ”ផលប៉ះពាល់នៃជំងឺកូវីដ១៩និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌និងសិល្បៈ”។ចំពោះមូលហេតុដែលរដ្ឋមន្រ្តីវប្បធម៌អាស៊ានសម្រេចចិត្តយកប្រធានបទនេះដែរដើម្បីប្រមូលផ្តុំយកធាតុចូលក្នុងការចែករំលែកបទពិសោធន៍ល្អៗក្នុងចំណោមប្រទេសអាស៊ានទាំង១០ក៏ដូចជាអាស៊ានបូក៣ ពីអ្វីដែលជាផលប៉ះពាល់នៃជំងឺកូវីដ១៩របស់ប្រទេសខ្លួន ដើម្បីផ្តល់នូវបទពិសោធន៍ ក៏ដូចជាគំនិតក្នុងការរួមគ្នា ទប់ស្កាត់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ដែលបង្កការប៉ះពាល់ដល់វិស័យវប្បធម៌និងសិល្បៈក្នុងតំបន់។

          លោកជំទាវបានលើកឡើងផងថា “ក្នុងកិច្ចប្រជុំនេះយើងមានចែករំលែកបទពិសោធន៍ពីប្រទេសនីមួយៗនិងវិធានការទប់ស្កាត់ដោយប្រសិទ្ធភាពរបស់ប្រទេសអាស៊ានទាំង១០ ពិសេសកម្ពុជាយើងដែលបានទប់ស្កាត់ជំងឺកូវីដ១៩បានជោគជ័យដូចសព្វថ្ងៃនេះ”។

ក្នុងនាមជាប្រធាននៃកិច្ចប្រជុំអាស៊ានលើកនេះដែរ លោកជំទាវរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះប្រទេសកម្ពុជាបានស្នើសុំឡើងពីទីក្រុងសៀមរាបឱ្យក្លាយទៅជាទីក្រុងវប្បធម៌ ហើយសំណូមពរនេះក៏បានទទួលការគាំទ្រពីសំណាក់រដ្ឋមន្រ្តីប្រទេសអាស៊ានយ៉ាងពេញទំហឹងទៀតផង។ទាំងនេះដោយសារថាទីក្រុងសៀមរាបរបស់កម្ពុជាបានក្លាយជាទីក្រុងដ៏សក្តិសមបំផុតដែលបានប្រកាសជាទីក្រុងវប្បធ៌ម និងបានទទួលកេរ្តិ៍ឈ្មោះជាយូរលង់មកហើយ។តាមរយៈនេះដែរគឺជាការបង្ហាញនូវសក្តានុពលបន្ថែមទៀតនៃទីក្រុងសៀមរាបដើម្បីឱ្យពិភពលោកកាន់តែទទួលស្គាល់កេរ្តិ៍តំណែលដ៏មានតម្លៃរបស់កម្ពុជា។

          លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់បន្ថែមថាដោយសារជំងឺកូវីដ១៩បានធ្វើឱ្យវិស័យសិល្បៈជាច្រើនត្រូវបានផ្អាកសកម្មភាព ដោយក្នុងនេះនាំឱ្យជះផលប៉ះពាល់មិនត្រឹមតែវិស័យវប្បធម៌ទេវាថែមទាំងបង្កការប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់អ្នកប្រកបរបរក្នុងអាជីពសិល្បៈថែមទៀត។ទោះបីយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌នាកន្លងមកក៏បានផ្តល់នូវការជួយជ្រោមជ្រែងទាំងថវិការនិងការជួយសម្រួលក្នុងការចេញសម្តែងដល់សិល្បៈករមួយចំនួនគ្រាន់ដោះស្រាយជីវភាពរបស់ខ្លួន៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner