សម្ដេចប្រធានរដ្ឋសភា អបអរសាទរខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

សម្ដេចពញាចរក្រីហេង សំរិន ប្រធានរដ្ឋសភានៅថ្ងៃ២៣តុលាឆ្នាំ២០២០នេះ តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេចបានសរសេរអបអរសាទរខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ សម្ដេចបានរំលឹកថា កាលពី២៩ ឆ្នាំមុន គឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីខ្មែរទាំង៤ បានឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា ក្រោមវត្តមានអង្គការសហប្រជាជាតិ និង ប្រទេសជាមិត្តចំនួន ១៨ ប្រទេសជាសាក្សី។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាំមកនូវការរៀបចំការបោះឆ្នោតជាសាកលនៅឆ្នាំ១៩៩៣ ប៉ុន្តែ ភាគីកម្ពុជាប្រជាធិបតេយ្យបានបន្តធ្វើជាក្រុមឧទ្ទាមក្នុងព្រៃ គ្រប់គ្រងតំបន់មួយចំនួននៅក្នុងប្រទេសយើងដដែល។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើការបង្រួបបង្រួមខ្មែរ បានទូទាំងប្រទេស សង្រ្គាមបានបញ្ចប់ទំាងស្រុងនៅឆ្នាំ១៩៩៨ ហើយបានផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលកសាង និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។

សម្ដេចប្រធានរដ្ឋសភាបានបញ្ជាក់ថា សន្តិភាពជាកក្តាសំខាន់បំផុត និងមិនអាចខ្វះបានសម្រាប់ការកសាង និងអភិវឌ្ឍសង្គម។ ដូច្នេះ សម្ដេចបានអំពាវនាវឲ្យជនរួមជាតិរួមគ្នាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានស្ថិតស្ថេរ ដើម្បីជំរុញការអភិវឌ្ឍ ប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនឆាប់រហ័សឡើងថែមទៀត។ ជាមួយគ្នានោះ សម្ដេចអគ្គពញាចក្រីហេង សំរិន បានរំលឹកដល់ជនរួមជាតិ បន្តអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ១៩ និងយកចិត្តទុកដាក់ថែរក្សាសុខភាព និងសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន ក្នុងកំឡុងគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។

ជាមួយគ្នានោះ សម្ដេចបានអំពាវនាវ និងលើកទឹកចិត្តដល់កងម្លាំង អាជ្ញាមានសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុក្ខដាក់ជួយសង្រ្គោះ អន្តរាគមន៍ និងផ្តល់ការថែទាំដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឱ្យបានទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព៕

https://www.facebook.com/samdech.hengsamrin/posts/1722991534540981
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner