រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យមើលផលប៉ះពាល់ដោយទឹកជំនន់ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី២២ ខែតុលា ឆ្នំា២០២០ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។
យោងតាមរបាយ ការណ៍របស់វិទ្យាស្ថានបានឲ្យដឹងថា ឥទ្ធិពលនៃទឹកជំនន់ទឹកភ្លៀងមកពីផ្នែកខាងលើជាពិសេសមកពីផ្លូវជាតិ៤ និងហូរពីទំនប់ព្រែកត្នោតបានធ្វើឲ្យវាលស្រែពិសោធន៍របស់វិទ្យាស្ថានទាំង ស្រូវស្រាល និងស្រូវកណ្តាល ទទួលរងនូវការជន់លិចបណ្តាលឲ្យស្រូវស្រាលខូចខាតស្ទើរតែទាំងស្រុង និងស្រូវកណ្តាលមានការប៉ះពាល់ និងខូចខាតមួយចំនួន។
តាមការ អះអាងរបស់បណ្ឌិត អ៊ុក មករា នាយកវិទ្យាស្ថាន ថា ប្រសិនបើស្ថានភាពទឹកចាប់ផ្តើមស្រកចាប់ពីថ្ងៃនេះ នោះនៅសប្តាហ៍ក្រោយស្រូវកណ្តាលអាចធ្វើការប្រមូលផលបានខ្លះ។ ដោយឡែក ចំពោះអគាររដ្ឋបាល និងមន្ទីរពិសោធន៍ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់បានរួមសាមគ្គីគ្នាទាំងកាយនិងចិត្ត ទាំងយប់ ទាំងថ្ងៃ ដើម្បីយកបាវខ្សាច់មកទប់ទឹក មិនឲ្យហូរចូលក្នុងអគារ ហើយកន្លែងខ្លះប្រើម៉ាស៊ីនបូមរំដោះទឹក ជួយសង្គ្រោះទ្រព្យសម្បត្តិរដ្ឋពីការលិចលង់។ ទោះជាយ៉ាងនេះក្តី ជាអកុសល់ នៅយប់ថ្ងៃទី១ ឥទ្ធិពលនៃទឹកជំនន់បានចូលទៅបំផ្លាញស្រូវពូជចំនួន ៣តោនដល់ក្នុងឃ្លាំងតែម្តង។ បច្ចុប្បន្នវិទ្យាស្ថានកំពុងបន្តចាត់វិធានការការពារដោយប្រើបាវខ្សាច់លើកព័ទ្ធជុំវិញឃ្លាំងស្តុកស្រូវពូជ អគារសំខាន់ៗ និងបូមទឹកចេញ។
ពិនិត្យឃើញស្ថានភាពនៃគ្រោះមហន្តរាយនេះរួច ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្រ្តី និងបុគ្គលិក កម្មករកទាំងអស់ ដែលបានយកអស់កំលាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ចាត់វិធានការការពារឲ្យបានទាន់ពេល បើទោះជាមានការប៉ះពាល់ និងខូចខាតស្រូវពូជ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្តី។ បន្ទាប់ទឹកស្រក ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យវិទ្យាស្ថានរៀបចំជួសជុលហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានឲ្យបានល្អប្រសើរ និងត្រូវស្តារស្ថានភាពដំណាំស្រូវឡើងវិញ តាមលទ្ធភាពដែលអាចធ្វើបាន។ ឯកឧត្តមបន្តថា នេះជាបទពិសោធន៍ដែលគួរចងចាំទុកជាមេរៀនសម្រាប់ឆ្នាំបន្តបន្ទាប់។ មួយវិញ ទៀត ត្រូវបង្កើនការយកចិត្តទុកដាក់មើលថែរក្សាទ្រព្យសម្បត្តិឲ្យបានគង់វង្សល្អ ពិសេសពូជស្រូវគ្រឹះក្នុងឃ្លាំង ធនាគារពិន្ធុ (GEN Bank) និងមន្ទីរពិសោធន៍។ ដើម្បីជួយសម្រាលបញ្ហាប្រឈម នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧបត្ថម្ភវិទ្យាស្ថានប្រេងចំនួន ៩០០លីត្រ និងថវិកាចំនួន ៥០០ដុល្លារ ទុកសម្រាប់ប្រើប្រាស់តាមការចាំបាច់ ជាពិសេសការបន្តបូមទឹកចេញពីតំបន់លិចលង់។
ក្នុងនាឱកាសនោះ លោកនាយកវិទ្យាស្ថានបានផ្តល់ស្រូវពូជសែនក្រអូបចំនួន០៤តោន និងស្រូវពូជចម្រុះចំនួន ២០តោនទៀត ជូនឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន ទុកយកទៅចែកជូនប្រជាកសិករ ឬសហគមន៍កសិកម្មដែលកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ ដើម្បីចូលរួមស្តារផលិតកម្មដំណាំស្រូវក្រោយពេលទឹកស្រកឡើងវិញ៕