សប្តាហ៍នេះទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយផ្ទាល់ ការប្រកួតបាល់ ទាត់លីគទី២ កម្ពុជា រវាងក្រុម ខេត្តកំពង់ប៉ះអាយ អេស អាយ ដង្កោសែនជ័យ និងលីគនារី ខេត្តកំពង់ឆ្នាំង ប៉ះកំពង់ស្ពឺ ណាហ្គាវើល៍
អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើការផ្សាយផ្ទាល់ ការប្រកួតបាល់ទាត់ លីគទី២កម្ពុជា និងបាល់ទាត់នារី ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៥:០០ រសៀលតទៅ ។
សម្រាប់ការប្រកួតបាល់ទាត់ លីគទី២ កម្ពុជា សប្តាហ៍ទី៤ ថ្ងៃសៅរ៍ទី២៤សប្តាហ៍នេះ មាន៥ប្រកួត គឺក្រុមខេត្តព្រៃវែង ប៉ះភ្នំពេញក្រោន U-21 , ក្រុមខេត្តត្បូងឃ្មុំ ប៉ះ ក្រុមឬទ្ធសែន , សៀមរាប អេហ្វស៊ី ប៉ះ ក្រុមខេត្តស្វាយរៀង , ក្រុមកោះកុង អេហ្វស៊ី ប៉ះ ក្រុម TIFFY Army U21 , ខណៈការប្រកួតរវាងក្រុមខេត្តកំពង់ស្ពឺ ប៉ះ អាយ អេស អាយ ដង្កោសែនជ័យ មានការផ្សាយផ្ទាល់នៅតាមកញ្ចក់ ទូរទស្សន៍អប្សរា ចាប់ពីម៉ោង១៥:០០រសៀល ។ មុនប៉ះគ្នាក្រុម ខេត្តកំពង់ស្ពឺ បានបរាជ័យក្រោមថ្វៃជើង ភ្នំពេញក្រោន U-21 ១:៤ រីឯអាយ អេស អាយ ដង្កោសែនជ័យ ក៏បរាជ័យក្រោមថ្វៃជើង ខេត្តត្បូងឃ្មុំ ០:៦ ។ ឆ្លងកាត់៣ប្រកួតកន្លងទៅ ក្រុមខេត្តកំពង់ស្ពឺ ស្ថិតនៅលេខរៀងទី៩ក្នុងតារាង ចាញ់ទាំង៣ប្រកួត មិនមានពិន្ទុ ស្របពេលដែល ក្រុមអាយ អេស អាយ ដង្កោសែនជ័យ ស្ថិតនៅលេខរៀងទី៤ ឆ្លងកាត់៣ប្រកួត ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ ខណៈខេត្តព្រៃវែង ស្ថិតនៅកំពូលតារាង ៣ប្រកួតឈ្នះទាំង៣ មាន៩ពិន្ទុ ។
ចំនែកឯការប្រកួតបាល់ទាត់នារី សប្តាហ៍ទី៥ ថ្ងៃអាទិត្យទី២៥ ក៏មាន៥ប្រកួតដូចគ្នា ទូរទស្សន៍ អប្សរា ធ្វើការផ្សាយផ្ទាល់ ក្រុមបាល់ទាត់នារី ខេត្តកំពង់ឆ្នាំង ត្រូវប៉ះ ក្រុមនារីខេត្តកំពង់ស្ពឺ នៅកីឡដ្ឋាន វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច ឯ៤ប្រកួតទៀត ក្រុមនារីខេត្តបាត់ដំបង ប៉ះ ក្រុមនារីសមាគម កងយោធិពលខេមរភូមិន្ទ , ក្រុមនារីខេត្តសៀមរាប ប៉ះ ក្រុមនារីបឹងកេត , ក្រុមនារីខេត្តកណ្តាល ប៉ះ ក្រុមនារីភ្នំពេញក្រោន , ខេត្តកំពង់ធំ ប៉ះ ព្រះខ័នរាជស្វាយរៀង ។ ឆ្លងកាត់៤ប្រកួតកន្លងទៅ ក្រុមបាល់ទាត់នារី ខេត្តកំពង់ស្ពឺ ណាហ្គាវើល៍ ឈរលេខ១ ឈ្នះទាំង៤ មាន១២ពិន្ទុ លេខ២ ក្រុមនារីខេត្តសៀមរាប មាន៨ពិន្ទុ លេខ៣ភ្នំពេញក្រោន ។
សូមបញ្ជាក់ថា ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០ និងការប្រកួតបាល់ទាត់ លីគ២ កម្ពុជា ស្ថានីយ៍ទូរទស្សន៍ អប្សរា ប៉ុស្ត៍លេខ១១ បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា ធ្វើការផ្សាយផ្ទាល់ Page Apsara TV News , Page Apsara Central , Page AMS Sports , Page សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , Page បាល់ទាត់នារី និង Page លីគទី២ កុំភ្លេចតាមដានទស្សនាទាំងអស់គ្នា ចូលរួមគាំទ្រកីឡាជាតិទាំងអស់គ្នា ដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ៕