ថៃ-រុស្ស៊ីឯកភាពបង្កើនពាណិជ្ជកម្មដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣
ថៃនិងរុស្ស៊ីបានព្រមព្រៀងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់១០ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣ នេះបើតាមកិច្ចប្រជុំតាមវីដេអូ រវាងភាគីទាំងពីរ កាលពីម្សិលមិញ។
ថ្លែងនៅក្រោយកិច្ចប្រជុំតាមអនឡាញជាមួយអនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីលោក Vladimir Ilichev កាលពីថ្ងៃទី២២ តុលា លោករដ្ឋមន្ត្រីពាណិជ្ជកម្មថៃ Jurin Laksanawisit បាននិយាយថា ភាគីទាំងពីរមានផែនការបង្កើនទំហំពាណិជ្ជទ្វេភាគីរវាងប្រទេសទាំងពីរឲ្យបាន១០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ឬក៏១ឆ្នាំ កើនឲ្យបាន៣ពាន់លាន។
រុស្ស៊ីគឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣០របស់ថៃ កាលពីឆ្នាំមុន ក្នុងនោះ ទំហំពាណិជ្ជកម្មកាលពីឆ្នាំ២០១៩ មាន៣.១៣ពាន់លានដុល្លារអាមេរិក ហើយថៃនាំចេញទៅរុស្ស៊ី ៩៥៨លានដុល្លារអាមេរិក ដោយទំនិញសំខាន់ៗ ដូចជាជ័រកៅស៊ូ និងគ្រឿងបន្លាស់យានយន្ត ខណៈដែលរុស្ស៊ីនាំមកថៃវិញ ២.១៧ពាន់លានដុល្លារអាមេរិក ទំនិញមានដូចជាប្រេងឆៅ ដែក អាវុធ និង ជីរកសិកម្ម៕ ប្រភពពី បាងកកប៉ុស្តិ៍