ថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងមួយម៉ឺនគ្រួសារទៀត នៅក្នុងស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នឹងបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងមួយម៉ឺនគ្រួសារទៀត។
សម្រាប់ការសួរសុខទុក្ខ និងចែកអំណោយនេះ ក៏ធ្វើឡើងនៅពីរទីតាំងដូចនឹងថ្ងៃទី២១ និង២២ ខែតុលា ផងដែរ។ សម្រាប់ទីតាំងទី១ គឺធ្វើនៅស្រុកអូរជ្រៅចម្ងាយ ១៧គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ និងទីតាំងទី២ ធ្វើឡើងនៅស្រុកម៉ាឡៃ ចម្ងាយពីទីតាំងទី១ប្រមាណជា ៤០គីឡូម៉ែត្រ។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយ ដែលបានរងគ្រោះធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង។ ប្រជាពលរដ្ឋសរុបជិត ៤ម៉ឺនគ្រួសារ បានទទួលរងគ្រោះ និងទទួលផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហើយប្រជាពលរដ្ឋ ២២នាក់ បានស្លាប់បាត់បង់ជីវិតដោយសារការលង់ទឹក និងឆក់ចរន្តអគ្គិសនីជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតែតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋជារឿងសំខាន់នោះ បានសម្រេចធ្វើដំណើរចម្ងាយជាង ៤០០គីឡូម៉ែត្រ ចុះមកកាន់ខេត្តបន្ទាយមានជ័យដោយផ្ទាល់ ដើម្បីបានសួរសុខទុក្ខ រំលែកការលំបាក និងផ្តល់ស្បៀងអាហារជូនដល់ពួកគេ។
សម្តេចតេជោ ហ៊ុន សែន បានជួបប្រជាពលរដ្ឋពីរថ្ងៃរួចមកហើយ គឺនៅថ្ងៃទី២១ និង២២ ខែតុលា។ រយៈពេលពីរថ្ងៃនេះ សម្តេចតេជោ បានចែកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ២ម៉ឺនគ្រួសារ នៅក្នុងស្រុកមង្គលបុរី ក្រុងសិរីសោភ័ណ ស្រុកថ្មពួក និងក្រុងប៉ោយប៉ែត។
នៅចំពោះមុខពលរដ្ឋរងគ្រោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងរូបសម្តេច ក៏ដូចជាមន្ត្រីគណបក្សប្រជាជនកម្ពុជា គឺជាអ្នកដែលតែងប្រកាន់ឥរិយាបថរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋរាល់ពេលមានការលំបាក ឬជួបគ្រោះអាសន្នផ្សេងៗ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចមិនមែនជាមេដឹកនាំទម្លាប់រត់ចោលប្រជាពលរដ្ឋនៅពេលមានទុក្ខនោះឡើយ៕