រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដឹកនាំគណៈប្រតិភូការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា។

ឯកឧត្តម គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភាបានជម្រាបជូនសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ថា គណៈកម្មការទី៩ព្រឹទ្ធសភា ដោយមានកិច្ចសហការជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា បានពិនិត្យពិភាក្សាលើទម្រង់ច្បាប់ ខ្លឹមសារសេចក្តីព្រាងច្បាប់រួមទាំងការឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី រួចរាល់ហើយ ដោយសេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របតាមទម្រង់ និងច្បាប់។

មានប្រសាសន៍ឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ក៏បានជម្រាបបន្ថែមអំពីខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។

ក្នងនាមតំណាងរាជរដ្ឋាភិបាល ឯកឧត្តម ប៉ាន សូរស័ក្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានអង្គប្រជុំ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភាក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលបានអនុម័តយល់ព្រម នឹងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះនឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក សម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក៏បានអនុម័តយល់ព្រមទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនេះ។

គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ានជាមួយប្រទេសជាដៃគូទី៦ហើយ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន អាស៊ាន-ជប៉ុន អាស៊ាន-ឥណ្ឌា អាស៊ាន-កូរ៉េ និងអាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner